ឧ៍ពុកជេសា ខាន់មានជំនឿចិត្តថា កូនស្រីលោក នឹងនាំមេដាយមកជូនជាតិទៀត
ភ្នំពេញ៖ថ្ងៃទី៥ខែឧសភាខាងមុខនេះកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ជេសា ខាន់និងឪពុក ព្រមទាំងលោកយាយរបស់នាង នឹងមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជាទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ
២០២២ នៅប្រទេសវៀតណាម។
លោក Peter Khanដែលជាឪពុកជនជាតិខ្មែររបស់កីឡាការិនីជេសាខាន់បាននិយាយថា សម្រាប់ការធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២២នេះគឺមានរូបលោកផ្ទាល់កូនស្រីជេសាខាន់និងម្តាយបង្កើតរបស់លោកដែលមកជាមួយដើម្បីលើកទឹកចិត្ត
ដល់រូបនាង ។ តាមការគ្រោងទុក ពួកគេនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃទី៥ ខែឧសភា ខាងមុខនេះ។
សម្រាប់ការត្រៀមខ្លួនជាតំណាងឲ្យកម្ពុជាទៅស៊ីហ្គេមនៅវៀតណាម កីឡាការិនីជេសា ខាន់ បាននិងកំពុងហ្វឹកហាត់យ៉ាងសកម្មជាយូរមកហើយ។ លោក Peter បានប្រាប់ថា កូនស្រីរបស់លោកបានប្រឹងប្រែងហ្វឹកហាត់ជាយូរមកហើយសម្រាប់ការប្រកួតខ្សែក្រវាត់ខ្មៅនៃព្រឹត្តិការណ៍ជើងឯក Pan Jiu-Jitsu Championship ឆ្នាំ២០២២ និងដើម្បីស៊ីហ្គេម។
លោកPeterបាននិយាយថាកូនស្រីរបស់លោកចូលរួមប្រកួតកីឡាស៊ីហ្គេមគឺជាព្រឹត្តិ
ការណ៍ដែលមានដៃគូប្រកួតមានបទពិសោធច្រើន និងមានកម្រិតសមត្ថភាពខ្ពស់។ ខ្ញុំជឿថា កម្រិតកីឡាជឺជីតស៊ូនៅអាស៊ីគឺរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់ពីកូនស្រីរបស់ខ្លួនធ្លាប់នាំមកនូវមេដាយមាសពីស៊ីហ្គេម និងអាស៊ីជូនកម្ពុជា លោកPeterKhanដាក់ក្តីសង្ឃឹមលើកូនស្រីរបស់លោកថានឹងនាំមេដាយជូនជាតិទៀតនាពេលខាងមុខ។
លោកមានជំនឿចិត្តថាជេសាខាន់នឹងធ្វើបានល្អ។យើងសង្ឃឹមថាគាត់នឹងរកបានមេ
ដាយជូនកម្ពុជាទៀត។បង្ហាញពីអារម្មណ៍ក្នុងនាមជាឪពុកដែលមានកូនស្រីជាប់ជម្រើសជាតិ
កម្ពុជា សម្រាប់ការប្រកួតលើឆាកអន្តរជាតិ លោក Peter Khanពិតជាមានមោទកភាពយ៉ាងខ្លាំង និងរីករាយបំផុតហើយខ្លួនលោកផ្ទាល់ក៏តែងតែចង់តំណាងឲ្យកម្ពុជាផងដែរកាលលោកនៅពីក្មេង។
លោកបន្តថារូបលោកស្រឡាញ់ណាស់ពេលឃើញកូនស្រីតំណាងកម្ពុជា។លោកបានហាត់កីឡាបាល់បោះតាំងពីតូច។
លោកបានចាប់ផ្តើមលេងកីឡាបាល់បោះជារៀងរាល់ថ្ងៃ។ ពេលលោកនៅក្មេង លោកតែងតែចង់តំណាងឲ្យកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិផ្សេងៗ ប៉ុន្តែឥឡូវនេះលោកមានកូនស្រីតំណាងកម្ពុជាលើឆាកអន្តរជាតិហើយគាត់ពិតជាធ្វើឲ្យខ្ញុំមានកិត្តិយសខ្លាំងណាស់។
កីឡាការិនី ជេសា ខាន់ទើបតែបានប្រកួតឈ្នះខ្សែក្រវាត់ខ្មៅក្នុងការប្រកួតជើងឯក 2022 Pan Jiu-Jitsu Championship ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ នៅរដ្ឋហ្វ្លរីដា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
កីឡាការិនីខ្មែរអាមេរិករូបនេះបានបង្កើតប្រវត្តិសាស្ត្រឲ្យកម្ពុជាក្នុងការឈ្នះមេដាយ
មាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ីនិងបានឈ្នះមេដាយ
មាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕