សន្និសីទវិទ្យាសាស្រ្ដលើកទី១១ ក្រោមប្រធានបទ “វិទ្យាសាស្រ្ដនាំមកនូវការ អភិវឌ្ឍប្រកបដោយចីរភាព”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្ដលើកទី១១ ក្រោមប្រធានបទ “វិទ្យាសាស្រ្ដនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នៅព្រឹកថ្ងៃទី០៥ ឧសភា ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សន្និសីទវិទ្យាសាស្រ្ដលើកទី១១ នេះក៏មានការផងដែរពីតំណាងពីស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំណាងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាស្រ្ដាចារ្យជាច្រើនរូបផងដែរ។
ជាមួយគ្នានេះដែរ សាស្រ្ដាចារ្យ Vallee Thomas តំណាងពីស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់លើវិទ្យាសាស្រ្ដ ដែលមានសារៈសំខាន់ខ្លាំងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយតម្រូវឱ្យមានការចូលរួមសហការពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍនានាដែលគាំទ្រ និងលើកកម្ពស់វិស័យវិទ្យាសាស្រ្ដ។ ស្ថានទូតបារាំង ក៏បានផ្ដល់ជូននូវអាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា និងបន្ដអនុវត្តគម្រោងនានាទាក់ទងទៅនឹងការលើកកម្ពស់ការអប់រំវិទ្យាសាស្រ្ដ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ ដៃគូពាក់ព័ន្ធទាំងអស់ ដូចជា អង្គការ JICA ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាវិស័យវិទ្យាសាស្រ្ដជាដើម។ ក្រសួងអប់រំ នឹងបន្តគាំទ្ររាល់សកម្មភាពដែលទាក់ទងទៅនឹងការលើកកម្ពស់វិស័យវិទ្យាសាស្រ្ដ ដែលអាចឱ្យសិស្សានុសិស្សចាប់យកជំនាញថ្មី ដើម្បីឆ្លើយតបទៅនឹងបរិបទឌីជីថល និងទីផ្សារការងារនាពេលអនាគត៕