ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្វាគមន៍ក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក

240

 

ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC (ក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក) ដែលមានក្រុមហ៊ុនអាមេរិកជាច្រើនបានចូលរួមផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ US-ABC។ ឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC បានថ្លែងអបអរកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និងអបអរសាទរដោយក្តីកោតសរសើរប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកជំទាវរដ្ឋលេខាធិការថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer 2 លានដូស) ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នងពេលថ្មីៗនេះ។ លោកជំទាវបានបន្តថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម យើងនៅតែមានដំណើរការ និងសហការជាប្រចាំ។ ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋដែលមកដល់ថ្ងៃនេះយើងចាក់វ៉ាក់សាំងបាន៩៣.៤៩% នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល។

លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនដល់ក្រុមធុរ:កិច្ចសហរដ្ឋអាមេរិកថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុន ឧទាហរណ៍ ដូចជាក្រុមហ៊ុន Abbott ជាដើមយើងបានអនុញ្ញាតទទួលយកការចុះបញ្ជិលើ Rapid Test សម្រាប់កូវីដ-១៩ លឿនបំផុតដើម្បីប្រជាជនមានឧបករណ៍ប្រើបានទាន់ពេលស្របជាមួយនឹងការដាក់ចេញវិធានការធ្វើតេស្តរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន Roch ក៏ទទួលបាននូវការគាំទ្រពីអតិថិជនជាច្រើនក្នុងផ្នែកផលិតផលឱសថ និងបរិក្ខាពេទ្យដែរ។
ចំពោះជំងឺមិនឆ្លងជាជំងឺដែលកន្លងមកមានកង្វះការសហការជួយវិនិយោគលើជំងឺនេះពីសំណាក់ដៃគូ បើធៀបទៅនឹងជំងឺឆ្លង តែក្នុងពេលប៉ុន្មានឆ្នាំនេះយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជំងឺមិនឆ្លង ហើយក៏ដូចជាកិច្ចការគ្របដណ្តប់សេវាសុខភាពជាសាកល ដែលបច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហើយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រើនសំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះឯង ។

ចំពោះការចុះបញ្ជិការយើងបានខិតខំនិងជម្រុញរហូតទទួលបានការចុះបញ្ជិការតាមប្រព័ន្ធអនឡាញដែលបានជួយបង្កើនល្បឿននៃការចុះបញ្ជិការ និងមានតម្លាភាព។ រីឯបញ្ហាការកំណត់អាយុពិសារគ្រឿងស្រវឹង លោកជំទាវរដ្ឋលេខាធិការ បានស្នើសូមឱ្យមានការចូលរួមទទួលខុសត្រូវលើបញ្ហាសុខភាពមនុស្ស ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមិនសមស្រប ដែលមានលក្ខណ:ជម្រុញបុគ្គលឱ្យទទួលទានច្រើនពេក និងសូមឱ្យមានការចូលរួមក្នុងការលើកកម្ពស់ការទទួលខុសត្រូវរបស់បុគ្គលតាមសារអប់រំ ជាជាងប្រើប្រាស់វិធីសាស្ត្រជំរុញមនុស្សពិសារគ្រឿងស្រវឹងច្រើនហួសហេតុពេក សំដៅរួមគ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរផង និងកាត់បន្ថយនូវហានិភ័យនៃការកើតនិងកើនឡើងនូវជំងឺរលាកបំពង់អាហារ ក្រពះ និងថ្លើម ហើយដែលអាចបង្កទៅជាជំងឺមហារីកថ្លើម និងក្រពះជាដើម៕

អត្ថបទដែលជាប់ទាក់ទង