ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចង់ទាក់ទាញភ្ញៀវ ពីទីផ្សារហ្វីលីពីន តាមមរយៈការរៀបចំ កម្មវិធីផ្សព្វផ្សាយ គោលដៅទេសចរណ៍នាទីក្រុងម៉ានីល

239

ម៉ានីល៖ តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា Cambodia Tourism Roadshow នៅប្រទេសហ្វីលីពីន កម្ពុជាមានបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងផ្ដល់ឱកាសដល់ផ្នែកឯកជនបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍លើទីផ្សារហ្វីលីពីន ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារហ្វីលីពីន ខណៈប្រជាជនប្រទេសនេះក៏ចេញដើរក្រៅប្រទេសច្រើនណាស់ដែរ។

កម្មវិធី Cambodia Tourism Roadshow នេះធ្វើឡើងចាប់ពីថ្ងៃទី៣-៧ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination» ដឹកនាំដោយលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ក្នុងនោះមានក្រុមហ៊ុនចំនួន១៥០ក្រុមហ៊ុន ដែលបានជជែកពិភាក្សាគ្នាសិក្សាអំពីកញ្ចប់ទស្សនកិច្ច សក្ដានុពលទេសចរណ៍ និងផលិតផលទេសចរណ៍រវាងប្រទេសទាំង២ ដើម្បីស្វែងរកដៃគូសហកាក្នុងការនាំភ្ញៀវទេសចរទៅដើរកម្សាន្តនាពេលខាងមុខ ថាតើជ្រើសរើសកញ្ចប់ទស្សនកិច្ចមួយណា? សហការគ្នាយ៉ាងដូចម្ដេចខ្លះ? គួរធ្វើដោយរបៀបណា? ភ្ជាប់ដំណើរទៅមកដោយបែបណា? រយៈពេលប៉ុន្មាន?

លោក សុខ សង្វារ បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជានេះ សំដៅផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនងនិងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា-ហ្វីលីពីនឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារហ្វីលីពីន រួមជាមួយការផ្សព្វផ្សាយអំពីការបើកដំណើរការទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) របស់កម្ពុជា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA-CC) ក៏បានចូលរួមធ្វើបទបឋកថាក្នុងពិធីបើកកម្មវិធី Cambodia’s Tourism Roadshow ពីទីក្រុងបាងកកទៅដែរ នាថ្ងៃទី៥ ខែមេសា ដោយលោកបានឱ្យដឹងថា តាមរយៈកម្មវិធី Tourism Roadshow នេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសហ្វីលីពីន និងតំបន់ជុំវិញ ខណៈការចេញក្រៅប្រទេសរបស់ប្រជាជនហ្វីលីពីនក៏មានច្រើនណាស់ដែរ។

លោក ធួន ស៉ីណាន បានបន្តថា ការរៀបចំកម្មវិធីនេះឡើងគឺពិតជាស្របទៅនឹងការរកដំណោះស្រាយជួយគ្នាទៅវិញទៅមករវាងប្រទេសក្នុងតំបន់អាស៊ានក្នុងបរិបទជំងឺសកល និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន។ ប្រទេសជាសមាជិកអាស៊ានមិនអាចរំពឹងភ្ញៀវអន្តរជាតិក្រៅតំបន់បានច្រើនដូចមុនទៀតទេ មានន័យថា អាស៊ានខ្លួនឯងត្រូវតែកសាងសុភមង្គលរួម កសាងពាណិជ្ជកម្មរួមក្នុងបរិបទថ្មីក្នុងសកលលោកនេះ។

អ្វីដែលប្រធានសមាគម PATA ចង់សង្កត់ធ្ងន់គឺថាអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ានទាំងមូល ត្រូវតែរួមសហការគ្នាទៅវិញទៅមកនៅក្នុងបរិបទជំងឺសកល និងសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែននេះ។

បើតាមលោកអនុរដ្ឋលេខាធិការ សុខ សង្វារ បានបញ្ជាក់ថា កម្មវិធី Cambodia’s Tourism Roadshow ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេសហ្វីលីពីន ហើយភ្នាក់ងារទេសចរណ៍ហ្វីលីពីន និងក្រុមហ៊ុន Philippines Airlines បានឯកភាពគ្នាជំរុញជើងហោះហើរត្រង់មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ តាមរយៈកម្មវិធី Cambodia’s Tourism Roadshow នេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនហ្វីលីពីនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩។

សូមជម្រាបថា សកម្មភាពនេះគឺធ្វើឡើងដោយស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ានពិចារណាក្នុងការបើកវិស័យទេសចរណ៍ឡើងវិញ ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តបើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង