ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្ត្រីលើកទី៣ រវាងកម្ពុជា និងអូស្ដ្រាលី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២

222

ភ្នំពេញ៖ អូស្ត្រាលី និងកម្ពុជាបានបញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់របស់ខ្លួន ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេស ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។

អូស្ដ្រាលីបញ្ជាក់ឡើងវិញនូវការគាំទ្រការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ផងដែរ។
ការបញ្ជាក់របស់ភាគីទាំងពីរនេះ បនៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជា និងអូស្ដ្រាលី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយមានលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកជំទាវ កាទ្រីណា ឃូបភើ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងចាស់ទុំ ដែលត្រូវបានពូនជ្រំដោយក្តីពេញចិត្តពីសំណាក់ប្រជាជនទាំងពីរ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទាំងក្នុងអតីតកាល និងបច្ចុប្បន្នលើវិស័យនានាជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្ដិសុខ កសិកម្ម អប់រំ សុខាភិបាល និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់របស់ខ្លួនដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេស ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។

ចំពោះកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងរយៈពេលកន្លងមក លើវិស័យនគរបាល និងការអនុវត្តច្បាប់ ដែលមានសកម្មភាពជាច្រើនផ្តោតលើការគំរាមកំហែងពីឧក្រិដ្ឋកម្មឆ្លងដែនដែលជាកង្វល់រួមគ្នា ជាពិសេស ការកេងប្រវ័ញ្ចលើកុមារ និងការលាងលុយកខ្វក់។ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីវិធីសាស្ដ្រដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ដ្រាលី លើវិស័យសន្ដិសុខប្រព័ន្ធអ៊ីនធឺណេត និងការគ្រប់គ្រងព្រំដែន។ កិច្ចប្រជុំក៏បានទទួលស្គាល់នូវសារៈសំខាន់នៃការរក្សាការចូលរួមយ៉ាងសកម្មរវាងមន្ត្រីសន្ដិសុខ និងការពារជាតិនៃប្រទេសទាំងពីរតាមរយៈវេទិកាទ្វេភាគី និងពហុភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះបន្ថែមទៀត។ អូស្ត្រាលីក៏បានសន្យាគាំទ្រកម្ពុជាក្នុងការកសាងសមត្ថភាព ការផ្ដល់ជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលក្នុងការងារដ៏សំខាន់នេះ។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ភាគីទាំងពីរសម្ដែងនូវការពេញចិត្តចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានពិភាក្សាអំពីមធ្យោបាយថ្មីដើម្បីបំពេញបន្ថែមនូវក្របខ័ណ្ឌកិច្ចសហ-ប្រតិបត្តិការដែលមានស្រាប់ ជាមួយនឹងគោលដៅពង្រីកពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងការចូលទៅកាន់ទីផ្សារ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដែលអាចបង្កើនសន្ទុះនៃទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

អូស្ដ្រាលីក៏បានបញ្ជាក់ពីការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសមត្ថភាពធនធានមនុស្ស ដើម្បីជំរុញវិបុលភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាទាក់ទងនឹងវិស័យថាមពល និងអាកាសធាតុ។

ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីអូស្ដ្រាលីបានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដើម្បីគាំទ្រវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និងសុខាភិបាល ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីចំពោះការផ្ដល់ជំនួយដ៏មានតម្លៃដល់កម្ពុជា ជាពិសេស ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការ ក៏ដូចជាការផ្តល់វ៉ាក់សាំង និងសម្ភារសុខាភិបាលផ្សេងៗ ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ភាគីទាំងពីរក៏បានទទួលស្គាល់ថា អាហារូបករណ៍រយៈពេលវែងដែលបានផ្ដល់ជូននិស្សិតកម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

អូស្ដ្រាលីនឹងពិចារណាផ្ដល់អាហារូបករណ៍បន្ថែមទៀតក្នុងវិស័យពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ សន្ដិសុខប្រព័ន្ធអ៊ីនធឺណេត និងសេដ្ឋកិច្ចឌីជីថល ស្របតាមតម្រូវការរបស់កម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពបន្ដលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន តាមរយៈផែនការញូវកូឡុំបូថ្មី និងកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ដ្រាលី ដែលពង្រឹងឱ្យមានការយល់ដឹងពីគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។ ដោយទទួលស្គាល់ថាកម្ពុជាគឺជាទិសដៅពេញនិយមសម្រាប់និស្សិតអូស្ដ្រាលីមកហាត់ការ និងដោយទទួលស្គាល់ថាអូស្ដ្រាលីគឺជាទិសដៅពេញនិយមសម្រាប់និស្សិតកម្ពុជាទៅបន្ដការសិក្សា ភាគីទាំងពីរបានឯកភាពលើកទឹកចិត្តឱ្យមានទំនោរបែបនេះបន្ថែមទៀត។

ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្ដរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្ដីកង្វល់រួម រួមមាន បញ្ហារុស្ស៊ី-អ៊ុយក្រែន បញ្ហានៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង។
ចំពោះភាពជាដៃគូមេគង្គ-អូស្ដ្រាលី កម្ពុជាផ្ដល់តម្លៃចំពោះទស្សនៈវិស័យដ៏វែងឆ្ងាយរបស់អូស្ដ្រាលីក្នុងតំបន់មេគង្គ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងសមត្ថភាពប្រព័ន្ធអ៊ីនធឺណេត និងបច្ចេកវិទ្យាសំខាន់ៗ ដូចមានចែងក្នុងភាពជាដៃគូមេគង្គ-អូស្ដ្រាលី។
ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន ភាគីអូស្ដ្រាលីបញ្ជាក់ឡើងវិញនូវការគាំទ្រការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២។ កម្ពុជាថ្លែងអំណរគុណការគាំទ្រឥតងាករេរបស់អូស្ដ្រាលីចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការផ្ដល់ជំនួយដល់ការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវីញពីវិបត្តិកូវីដ-១៩ និងការប្ដេជ្ញាចំពោះមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលីក្នុងយន្ដការនានាដឹកនាំដោយអាស៊ាន។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កាលពីខែមករា ឆ្នាំនេះ និងត្រៀមអនុវត្តកិច្ចព្រមព្រៀងនេះ។

ភាគីទាំងពីរទន្ទឹងរង់ចាំការបញ្ចប់ការចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ដ្រាលី-នូវែលសេឡង់ ក្នុងពេលឆាប់ៗនេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយមានការពិភាក្សាគ្នាដោយស្មោះត្រង់ និងយោគយល់គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួម ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ដ្រាលី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីកម្ពុជា និងអូស្ដ្រាលី បានឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ នៅឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង