ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីធានាថាប្រជាជនមីយ៉ាន់ម៉ាទាំងអស់នឹងទទួលបានជំនួយមនុស្សធម៌ដោយគ្មានការរើសអើង

38

ភ្នំពេញ៖ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ” ថ្ងៃនេះ យើងបានបោះជំហានទៅមុខមួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីធានាថាប្រជាជនមីយ៉ាន់ម៉ាទាំងអស់នឹងទទួលបានជំនួយមនុស្សធម៌ដោយគ្មានការរើសអើង។ ខ្ញុំ និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដើម្បីឆ្ពោះទៅរកគោលដៅរំពឹងទុក ខណៈដែលកិច្ចប្រជុំនេះបានបន្ថែមសន្ទុះថ្មីដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច”។

បើតាមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន , សូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកពីគ្រប់ភាគីក្នុងបុព្វហេតុនេះ ទាំងក្នុងចំណោមសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់យើង រួមមានទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិជាដើម។ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ខ្ញុំបន្តមានសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងតស៊ូដ៏ស្មោះត្រង់របស់យើងនឹងផ្តល់ផលប្រយោជន៍ជាច្រើនជូនដល់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប។ ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅប៉ុន្មានសប្តាហ៍ខាងមុខនេះ”។

នៅថ្ងៃដដែលនេះ ក្រោយការបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង