ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ អាយុក្រោម២៣ឆ្នាំរបស់កម្ពុជា នឹងបង្ហាញពី ទម្រង់លេងដ៏មានសក្ដានុពល

178

ភ្នំពេញ៖ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ បានចូលរួមក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតសម្រាប់ពូលBនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលោកRyu Hirose បានលើកឡើងអំពីការត្រៀមខ្លួនក្នុង
ការប្រកួតស៊ីហ្គេមលើកនេះជាមួយនឹងគោលដៅឆ្នាំនេះ ក៏ដូចជាសម្រាប់ឆ្នាំក្រោយគ្រាដែលលោកក៏រំពឹងយុវជនកម្ពុជា ដ៏មានសក្ដានុពលមួយចំនួននឹងបង្ហាញទម្រង់លេងបានល្អ។

គ្រូបង្វឹករូបនេះបានលើកឡើងថាយើងរៀបចំក្រុមសម្រាប់ស៊ីហ្គេមលើកក្រោយនៅកម្ពុជាហើយជាមួយគ្នាផងដែរលីគកំពូលកម្ពុជាក៏បានជួយជ្រោមជ្រែងដើម្បីរៀបចំក្រុមសម្រាប់ស៊ីហ្គេម នៅហាណូយនេះ ក៏ដូចជានៅភ្នំពេញដូចគ្នា ជាមួយនឹងការផ្លាស់ប្ដូរច្បាប់ប្រកួតខ្លះ ដោយច្បាប់ប្រកួតនោះគឺផ្ដល់ឱ្យយើងនូវការជ្រើសរើសបានកីឡាករដែលមានសក្ដានុពលជាច្រើន។ ដូច្នេះ យើងរីករាយក្នុងការឃើញទម្រង់លេងរបស់ពួកគេ ក្នុងព្រឹត្តិការណ៍នេះ។ យើងដឹងហើយគ្រប់គ្នាមកទីនេះគឺដើម្បីឈ្នះ។

ជាមួយគ្នាផងដែរក្រុមជាច្រើននៅពូលផ្សេងៗទៀតនោះបានប្រើប្រាស់កីឡាករលើសអាយុប៉ុន្តែយើងមិនប្រើប្រាស់កីឡាករលើសអាយុឡើយព្រោះយើងត្រៀមសម្រាប់ស៊ីហ្គេមបន្ទាប់ហើយអ្នកនឹងអាចឃើញទម្រង់លេងរបស់យុវជនដ៏មានសក្ដានុពលជាច្រើនរបស់យើង។

និយាយអំពីគោលដៅសម្រាប់ស៊ីហ្គេមឆ្នាំនេះគ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបង្ហើបឲ្យដឹងថាយើងចង់ទៅវគ្គបន្តគឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតាមដែលអាចធ្វើទៅបាន។នេះគឺជាលើកដំបូងដែលខ្ញុំជាមួយ លោក Honda មកទីនេះ និងចូលរួមស៊ីហ្គេម ហើយកម្មវិធីប្រកួត គឺពិតជាមមាញឹកណាស់។ ដូច្នេះ យើងនឹងខំប្រឹងពីមួយប្រកួតទៅមួយប្រកួត។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំង U-23 ថៃ, U-23 ម៉ាឡេស៊ី, U-23 សិង្ហបុរី និង U-23 ឡាវ។

ក្រុមកម្ពុជាដែលមានរហស្សនាមថា ‘គោព្រៃជំទង’ នឹងបើកឆាកប្រកួត នៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប U-23 ឡាវ (ម៉ោង ៤រសៀល) បន្ទាប់មកនៅថ្ងៃទី១១ ជួប U-23 សិង្ហបុរី (ម៉ោង ៤រសៀល) បន្ទាប់មកទៀតនៅថ្ងៃទី១៤ ត្រូវប៉ះ U-23 ថៃ (ម៉ោង ៧ល្ងាច) និងប្រកួតចុងក្រោយជួប U-23 ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (ម៉ោង ៤រសៀល)៕

អត្ថបទដែលជាប់ទាក់ទង