ផលចំណេញ នៃការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម
ភ្នំពេញ៖វ៉ាត់ចំរើនឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានមានប្រសាសន៍ថាការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះយើងបានទទួលនូវផលចំណេញច្រើនណាស់ ។
យើងធ្វើលើកទី១យើងទទួលបានអ្វីដែលសំខាន់យើងឃើញពហុកីឡដ្ឋានជាតិមរតកតេជោ ទំហំទឹកលុយ ១៥០លានដុល្លារ។អ៊ីចឹងយើងចំណេញលុយចំណេញហេដ្ឋារចនាសម្ព័ន្ធ បើធៀបជាមួយនឹងលុយដែលយើងធ្វើស៊ីហ្គេម យើងចំណេញបាត់ទៅហើយ យើងអស់តែ ១២០លានដុល្លារជាង ប្រសិនបើគ្មានហ្គេមនេះកើតឡើងទេ ជំនួយក៏មិនអាចកើតឡើងដែរ។
នៅក្នុងព្រឹត្តិការណ៍បែបនេះប្រទេសនីមួយៗទីក្រុងនីមួយៗដែលធ្វើម្ចាស់ផ្ទះគឺជាពេលវេលា ឬជាឱកាសដ៏កម្រមួយ ដែលគេស្វែងរកកេរ្តិ៍ឈ្មោះ ដែលយើងហៅថា ‘Games Legacy’ គឺសំដៅទៅលើកេរ្តិ៍ឈ្មោះម្ចាស់ផ្ទះនៃហ្គេមនីមួយៗឡើងមួយកម្រិតទៅកម្រិតអន្តរជាតិកម្រិតពិភពលោក។
ឯកឧត្តមបានមានប្រសាសន៍ជាឧទាហរណ៍ថានៅប្រទេសមីយ៉ាន់ម៉ាដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០១៣ហើយប្រជាជននិយមការខាកស្ដោះនៅតាមទីសាធារណៈត្រូវបានរដ្ឋាភិបាលណែនាំឲ្យបញ្ឈប់ការខាកស្ដោះព្រោះមានភ្ញៀវជាច្រើនត្រូវចូលមកប្រទេសរបស់ខ្លួនហើយប្រជាជនក៏ស្ម័គ្រចិត្តឈប់ខាកស្តោះដើម្បីមុខមាត់ប្រទេសដែលទាំងនេះគឺជាផលចំណេញនៃការផ្លាស់ប្ដូរឥរិយាបថ ក្នុងការលុបបំបាត់ភាពអសកម្មនៅក្នុងសង្គម។
កម្ពុជាស្អាតនេះគឺជាយុទ្ធនាការមួយធ្វើឲ្យកម្ពុជាមានមុខមាត់ល្អ…។យើងធ្វើនេះដើម្បីបង្ហាញគេថាផ្ទះខ្ញុំស្អាតហើយសូមអញ្ជើញមក។បើយើងមិនបង្ហាញផ្ទះគេស្អាតគេម៉េចហ្នឹងមក? ហើយស៊ីហ្គេម បើគេអត់មក យើងបរាជ័យ។
បើគេអត់មកប្រកួតយើងប្រកួតជាមួយអ្នកណា? អ៊ីចឹងនេះគឺជាប្រយោជន៍មួយដើម្បីលាងឥរិយាបថមិនល្អនៃការរស់នៅក្នុងសង្គម។
សារសំខាន់មួយទៀតឯកឧត្តមបានបន្ថែមថាស៊ីហ្គេមលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់រាជ
រដ្ឋាភិបាលដោយត្រូវបានគេចាប់អារម្មណ៍ទូទាំងពិភពលោកចំពោះរដ្ឋាភិបាលដែលខិតខំប្រមូលទាំងធនធានមនុស្ស ធនធានថវិកា។ អ្វីដែលសំខាន់គឺផ្លាស់ប្ដូរហើយជាពិសេសទៅទៀតនោះគឺការផ្លាស់ប្ដូរមុខមាត់ផ្នែកវិស័យកីឡារបស់កម្ពុជា៕