ខឹងរឿងក្របីចូលស៊ីស្មៅលើដីខ្លួន ប៉ូលិសម្នាក់ ទាញកាំភ្លើងវាំងឡុងបាញ់អ្នកឃ្វាលក្របី របួសធ្ងន់
បន្ទាយមានជ័យ៖ កសិករជាអ្នកស៊ីឈ្នួលឃ្វាលក្របីម្នាក់ បានរបួសជើងធ្ងន់ បន្ទាប់ពីក្របីចូលស៊ីស្មៅក្នុងដីគេ ហើយម្ចាស់ដីជានគរបាលខឹង ទាញកាំភ្លើងវាំងឡុងបាញ់ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។
ជនបង្កឈ្មោះ រ៉ា ទឹមច័ន្ទពិសី ភេទប្រុសអាយុ៤២ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុសនៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេប្រហែលជា១០០ក្បាល ។
នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះ បានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ។
ពេលនោះជនបង្កជាម្ចាស់ដី បានប្រាប់ឲ្យជនរងគ្រោះ ដេញក្របីចេញពីក្នុងដីរបស់ខ្លួន កុំឲ្យស៊ីស្មៅព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ីទេ។
ខណៈនោះជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហាន នៅក្បែរនោះ ។ ក្រោយមកមិនដឹងជាយ៉ាងម៉េច ជនបង្ក ក៏បានទាញកាំភ្លើងម៉ាកវាំងឡុង (ជាប្រភេទកាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។
ជនបង្កកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងតាមប្រម៉ាញ់ចាប់ខ្លួនជនដៃដល់ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធី៕