ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង អញ្ជើញបើកកម្មវិធីផ្តល់សេវាសុខភាព ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ២ សង្កាត់ ក្នុងខណ្ឌទួលគោក

170

ខណ្ឌទួលគោក ៖ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបើកកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២ ក្នុងខណ្ឌទួលគោក នៅថ្ងៃ ច័ន្ទ ទី ៩ ខែឧសភា ឆ្នាំ ២០២២ ទីតាំងវត្តនាគវ័ន្ត។

កម្មវិធីនេះរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម សហការជាមួយក្រសួងសុខាភិបាល និងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) និងសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) ដែលមានរយៈពេលពេញមួយថ្ងៃ ។

ការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺទូទៅ និង ភ្នែកជូនប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ចំនួន ១០ សង្កាត់ ចាប់ផ្តើមថ្ងៃដំបូង មាន ២ សង្កាត់ គឺសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២ ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ដែលមិនអាចខ្វះបាន ដែលតែងតែយកចិត្តដាក់លើការបម្រើប្រជាជន ជាពិសេសលើសុខុមាលភាព និងការគ្រប់គ្រង បានយ៉ាងល្អនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈនៃការចាក់ស្រោចវាក់សាំងដ៏រហ័សកន្លងមកនេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យខ្មែរ-បរទេស ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ជាការបង្ហាញ ពីទឹកចិត្តដ៏ស្មោះស្ម័គ្រនៃការចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាជនអស់ពីចិត្តពីថ្លើម និងជាកម្មវិធីពិសេសមួយប្រៀបដូចជាការចុះពិនិត្យសុខភាពដល់ផ្ទះជូនប្រជាជនយើងផ្ទាល់តែម្តង ។

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ក៏បានចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យខ្មែរ-បរទេសដែលប្រចាំការនៅតាមបន្ទប់ពិនិត្យភ្នែក និងពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ បានប្រគល់រថយន្តដឹកទំនិញ ១ គ្រឿងជូនអង្គភាព អ.ប.ព. ហើយឯកឧត្តម ទេសរដ្ឋមន្ត្រី បានប្រគល់ជូនទៅសាលាខណ្ឌទួលគោក ៕

អត្ថបទដែលជាប់ទាក់ទង