ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

OIC ថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការសាងសង់ការតាំងទីលំនៅថ្មីរាប់ពាន់កន្លែង និងផែនការវាយកម្ទេចភូមិប៉ាឡេស្ទីន នៅខេត្ត Khalil

242

ជិទហ្ទះ៖ អង្គការសហប្រតិបត្តិការឥស្លាម (OIC) បានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការសាងសង់ការតាំងទីលំនៅដោយខុសច្បាប់ថ្មីរាប់ពាន់កន្លែង និងវាយកម្ទេចភូមិជាច្រើនរបស់ប៉ាឡេស្ទីន។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០ ២២។

OIC បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ខ្លួនបានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការកសាងការតាំងទីលំនៅថ្មីចំនួន ៤ពាន់ខ្នង នៅលើដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល និងផែនការជម្លៀសរួមទាំងកម្ទេចភូមិប៉ាឡេស្ទីនចំនួន១២ នៅក្នុងតំបន់ Yatta ភាគខាងត្បូងនៃខេត្ត Khalil ។

នៅក្នុងសេចក្តីថ្លែងការណ៍ OIC បាននិយាយថា គោលនយោបាយការតាំងទីលំនៅអាណានិគមរបស់អ៊ីស្រាអែល តំណាងឱ្យការឈ្លានពានដោយឥតសំចៃប្រឆាំងនឹងសិទ្ធិរបស់ប៉ាឡេស្ទីន និងជាការរំលោភលើច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

ក្រៅពីអង្គការ OIC ក្រសួងការបរទេសគុយវ៉ែតក៏បានថ្កោលទោសផែនការរបស់អ៊ីស្រាអែលក្នុងរឿងនេះផងដែរ ដោយនិយាយថា អ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

គួរជម្រាបថា ក្រសួងការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ បាននិយាយថា គណៈកម្មាធិការដោះស្រាយនៃក្រុមប្រឹក្សាផែនការនឹងប្រមូលផ្តុំគ្នានៅថ្ងៃទី១២ ខែឧសភា ដើម្បីអនុម័តផែនការដែលរំពឹងថា នឹងសាងសង់ការតាំងទីលំនៅប្រហែល៤ពាន់ខ្នង ក្នុងតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅតំបន់វេសប៊ែង៕

អត្ថបទដែលជាប់ទាក់ទង