ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី «ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» និងប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង

172

 

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីថ្លែងការណ៍ថា
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តី សម្រេចរបស់សភាអឺរ៉ុបស្ដីពី “ការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ (២០២២/២៦៥៨(RSP)) និងសូម ប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង ដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖

១. ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋទាំងអស់ដោយមិនគិតពីទំហំ និងប្រព័ន្ធនយោបាយរបស់ខ្លួន ត្រូវទទួលបានអធិបតេយ្យភាពស្មើគ្នា និងមាន សិទ្ធិស្វ័យសម្រេច ដោយមិនអាចទទួលការរំលោភបំពានបានឡើយ។ លើសអំពី នេះទៅទៀត សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ឆ្នាំ១៩៧៦ បានហាមឃាត់រាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដែលជាសមាជិកសហគមន៍អាស៊ានទាំងអស់។ កម្ពុជាគឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ សក្ដិសម ទទួលបាននូវសិទ្ធិពេញលេញ សម្រាប់ស្វ័យសម្រេចក្នុងកិច្ចការរដ្ឋ ដើម្បីការពារ ផលប្រយោជន៍ស្នូលរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

២. សេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបានចេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ គឺជាការបំផ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិ មនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។ សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុងតែទៅលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម, សកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីអ្នកទាំងនោះភាគចើន មិនដែលបានមកដល់ប្រទេសកម្ពុជាផ្ទាល់ ឬដែលគ្មានការប្រាស័យទាក់ទងជាមួយ រាជរដ្ឋាភិបាលកម្ពុជាសោះឡើយ។

៣. សេចក្ដីសម្រេចនេះបានកំណត់ដែននិយមន័យឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងចង្អៀត ដែលថាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យលុះត្រាតែមាន ការចូលរួមពីមេគណបក្សឆ្វេងនិយម និងពួកប្រជាកលនិយមមួយក្តាប់តូចតែប៉ុណ្ណោះ ឬលុះត្រាតែមានការអនុញ្ញាតិឱ្យគណបក្សនយោបាយ ដែលត្រូវបានរំលាយដោយតុលាការត្រូវបានបើកដំណើរការឡើងវិញ។ សេចក្តីសម្រេចនេះមិន បានគោរពទាល់តែសោះចំពោះច្បាប់ជាតិ និងគោលការណ៍ប្រជាធិបតេយ្យរបស់ កម្ពុជា ដែលមិនបានផ្តល់អភ័យឯកសិទ្ធិជាពិសេសណាមួយដល់ជនណា ឬគណបក្ស នយោបាយណាដែលបានបំពារបំពានច្បាប់កម្ពុជាសោះឡើយ។

៤. ការរិះគន់របស់សភាអឺរ៉ុបចំពោះការគ្រប់គ្រងដោយឯកបក្ស គឺជាការរិះគន់ដោយ គ្មានហេតុផល។ គណបក្សប្រជាជនកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រដោយប្រជាជនកម្ពុជា តាមលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ទោះបី ជាមានការអំពាវនាវដោយក្រុមជ្រុលនិយមមួយចំនួនធ្វើពហិការមិនចូលរួមបោះ ឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៨ក្តី ក៏អត្រាអ្នកទៅបោះឆ្នោតមាន ចំនួន ៨៣,០២% ដោយក្នុងនោះ ៧៧% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះប្រជាជនមានការជឿជាក់លើសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

៥. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពី ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែងនិងបានដាក់ចេញវិធាន ការណ៍ជាច្រើន ដើម្បីធានាឱ្យការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បីធានាឱ្យបាន នូវបរិយាកាសអំណោយផលល្អ និងមានការប្រកួតប្រជែងដោយស្មើភាពគ្ន សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់តាមគោលការណ៍ បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ការជ្រើសរើស និងតែងតាំងបេក្ខជនដឹកនាំណា មួយរបស់គណបក្សនយោបាយ ដែលបានចុះឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត គឺជាសិទ្ធិស្របច្បាប់ និងជាអធិបតេយ្យ ប្រកបដោយសេរីភាព ពេញលេញ និងជាឆន្ទានុសិទ្ធិទាំងស្រុងរបស់គណបក្សនយោបាយ។ ជាពិសការ តែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតសកល គឺបានទទួលការគាំទ្រជាឯកច្ឆ័ន្ទ តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្ស និងស្របតាមច្បាប់ជាតិជាធរមាន។

៦. កម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់រាល់អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់ ដើម្បីឱ្យមាន នីតិសម្បទាឡើងវិញដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។ ជាលទ្ធផលយ៉ាង ហោចណាស់អ្នកនយោបាយចំនួន ៣២រូប ទទួលបាននីតិសម្បទាឡើងវិញ ហើយពួកគេក៏បានបង្កើតគណបក្សថ្មីចំនួន ៦ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ផងដែរ។ យ៉ាងណាមិញ អតីតសមាជិកនៃគណបក្សប្រឆាំងមួយចំនួនមានការ ស្ទាក់ស្ទើរក្នុងការស្នើសុំសិទ្ធិស្តារនីតិសម្បទានយោបាយឡើងវិញ ព្រោះថាបើធ្វើ ដូច្នោះ ពួកគេត្រូវបានអតីតមេដឹកនាំរបស់ពួកគេចោទប្រកាន់ថាជា “ជនក្បត់”ទៅវិញ។

៧. ចំពោះករណី លោក កឹម សុខា ករណីជុំនុំជំរះក្តីរបស់លោក តែងធ្វើឡើងស្របតាម គោលការណ៍តម្លាភាព និងមានការចូលរួមពីគ្រប់ភាគី។ ដំណើរការក្តីនេះ បានចាប់ ផ្ដើមឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជាមានភាពប្រសើរឡើងវិញ។ ល្បឿននៃដំណើរការជុំនុំជំរះសំណុំរឿងពាក់ព័ន្ធ នឹងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព និងការឃុបឃិតរំលំរាជរដ្ឋាភិបាល គឺស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់តុលាការ។ រដ្ឋសភាកម្ពុជាសូមគូសបញ្ជាក់ថា សំណុំរឿង សន្ទិដ្ឋិភា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនត្រូវបានអត់ឱនដោយច្បាប់ នៃប្រទេសណាមួយឡើយ រួមទាំងអឺរ៉ុបផងដែរ។

៨. កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជា ធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌ របស់ខ្លួន។ កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។

៩. ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី ដោយមានការទទួលខុសត្រូវ ស្របច្បាប់ និងដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានគោរព។ សហគមន៍អឺរ៉ុបគួរជៀស វៀងការអនុវត្តស្តង់ដារពីរដើម្បីរក្សាតម្លាភាព និងការទទួលខុសត្រូវ។ ការបន្ទោស លើច្បាប់របស់កម្ពុជាស្តីពីការកម្រិតលើការទទួលមូលនិធិពីបរទេស សម្រាប់បម្រើឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជារូបភាពជាក់ស្តែងនៃការអនុវត្តស្តង់ដារពីរ និងប្រកបដោយការលាក់ពុតត្បុត។ កម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែជាកន្លែងដែលមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងប្រពៃណីជាង ២,០០០ ដែលរួមទាំងប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រាជរដ្ឋាភិបាលផងដែរ និងមានសហជីពលើសពី ៦,០០០ និងអង្គការមិនមែនរដ្ឋាភិបាលជិត ៦,០០០ ដែលបានចុះបញ្ជីរួចស្របតាមច្បាប់។

១០. សភាអឺរ៉ុបគួរគប្បីផ្ដោតលើការដោះស្រាយបញ្ហាដែលជារឿយៗ តាមរូបភាពព័ត៌មាន ក្លែងក្លាយ ប្រឌិតឡើងដោយដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកល និយមមួយចំនួន ហើយបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់សង្គម ក៏ដូចជាញុះញង់ឱ្យប្រជាជនបង្កអំពើហិង្សា តាមរយៈការចេញនូវព័ត៌មានមិនពិត ការញុះញុង់ឱ្យមានការស្អប់ខ្ពើម ការបង្កាច់បង្អួច និងការរើសអើងជាតិសាសន៍។

១១. រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើជំរុញឱ្យសភាអឺរ៉ុបមើលលើទិដ្ឋភាពសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដោយឥតលំអៀង និងពិចារណារលើ បរិបទជាតិ និងកត្តាប្រវត្តិសាស្ត្ររបស់យើង ហើយគួរជៀសវាងការអនុវត្តស្តង់ដារ ពីររបស់ខ្លួន។

១២. រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឱ្យសភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការ ពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹង ប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមដែលពិភពលោកកំពុងជួប ប្រទះដូចជា៖ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បា ឧក្រិដ្ឋកម្មឆ្លងដែន និង អសន្តិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។

១៣. កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាព អឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាន នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង