ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាត ឲ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវ ចូលជួបសម្តែងការគួរសម

204

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខជូនសម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានៃប្រទេសឡាវ។

ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក។ តំណាងឲ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាថានៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា ។

សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩រាតត្បាយជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទរនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា។

ជាក់ស្តែង ដូចជាជំនួប សម្តេចនិងឧត្តម ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូនិងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាដើម ។

សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជាក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។

កម្ពុជាជឿជាក់ថា ថាប្រទេសឡាវនិងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៍សំខាន់នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថារដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រ តួនាទីជាអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង