ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២
ភ្នំពេញ៖នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នាបរិវេណវត្តនាគវ័ន្ត ឯ ឧ ជា ពិសី អភិបាលខណ្ឌទួលគោក អមដំណើរឯ ឧ កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបើកកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២ ក្នុងខណ្ឌទួលគោក និងមានការអញ្ជើញចូលរួមពី ឯ ឧ លោកជំទាវ លោក លោកស្រី ជាច្រើននាក់ទៀត។
មន្ត្រីសាលាខណ្ឌទួលគោកបានឱ្យដឹងថា៖កម្មវិធីនេះរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម សហការជាមួយក្រសួងសុខាភិបាល និងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) និងសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) ដែលមានរយៈពេលពេញមួយថ្ងៃ ។
ការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺទូទៅ និង ភ្នែកជូនប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ចំនួន ១០ សង្កាត់ ចាប់ផ្តើមថ្ងៃដំបូងចំនួន២ សង្កាត់ គឺសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២ ។
ក្នុងឱកាសនេះ ឯ ឧ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ បានប្រគល់រថយន្តដឹកទំនិញ ១ គ្រឿងជូនអង្គភាព អ.ប.ព. ហើយលោកទេសរដ្ឋមន្ត្រី បានប្រគល់បន្តជូនទៅសាលាខណ្ឌទួលគោក ៕