ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការGIZ-GOPA, គម្រោងARISE Plusគាំទ្រក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីគោលនយោបាយ អភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការទាញយកប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងគម្រោងបង្កើត និមិត្តសញ្ញាសម្គាល់ ផលិតផលផលិតនៅកម្ពុជា

32

រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកអ៊ួង សុខន អគ្គនាយករងជំរុញពាណិជ្ជកម្ម លោកគិត ភារ៉ា ប្រធាននាយកដ្ឋានកិច្ចការពីព័រណ៍ និងលោក-លោកស្រីអនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានទទួលជួបពិភាក្សាការងារជាមួយលោកUdo GARTNER ប្រធានក្រុមការងារនៃគម្រោងARISE Plus, Component3 តំណាងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់(GIZ) និងសហការី ដើម្បីពិភាក្សាលើការគាំទ្ររបស់អង្គការ GIZ ក្នុងការត្រៀមសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន័វិស័យពាណិជ្ជកម្ម និងការទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រធាបបទពាក់ព័ន្ធ ក្នុងឱកាសដែលក្រសួងពាណិជ្ជកម្មរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៥ នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀម​រាប។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាគ្នានេះ លោកUdo GARTNERតំណាងអង្គការGIZបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមគាំទ្រដល់សកម្មភាពការងារជំរុញពាណិជ្ជកម្មដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ជាពិសេសគម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន័វិស័យពាណិជ្ជកម្ម និងការទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាព្រឹត្តិការណ៍អមក្នុងអំឡុងពេលដែលក្រសួងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តសៀមរាប។ ទន្ទឹមនេះ ដោយយល់ពីសារៈសំខាន់ក្នុងសម្គាល់អត្តសញ្ញាណផលិតផលផលិតនៅកម្ពុជាដែលកំពុងមានការអភិវឌ្ឍន៍ និងមានចរាចរនៅលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស លោកUdo GARTNER បានបង្ហាញជំហរក្នុងការឧបត្ថម្ភគាំទ្រដល់សំណើរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម រៀបចំចងក្រងឯកសារនិងបង្កើតនិមិត្តសញ្ញាសំគាល់ផលិតផលផលិតនៅកម្ពុជា (Made-in Cambodia Logo) ដើម្បីជាការរួមចំណែកដល់ការធ្វើពិពិធកម្មផលិតផល និងការជ្រៀតចូលទីផ្សារ។

លោកUdo GARTNERបានបញ្ជាក់ថា ក្រុមការងារខាងគម្រោង ARISE Plus, Component 3 នឹងបន្តកសាងឯកសារស្តីពីលក្ខខណ្ឌតម្រូវ និងត្រៀមជួបពិភាក្សារការងារមួយដំណាក់កាលទៀតជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនាពេលខាងមុខដើម្បីរួមគ្នាពិនិត្យលើTOR មុនពេលប្រកាសស្វែងរកក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិជួយរៀប​ចំ​ជូន​ក្រសួង។

ចុងបញ្ចប់នៃកិច្ចពិភាក្សា លោកអ៊ួង សុខន តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកUdo GARTNER និងសហការី ចំពោះការចូលរួមសហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្នុងការរៀបចំសិក្ខាសាលាខាងលើ ដោយរំពឹងទុកថា និងផ្តល់ព័ត៌ល្អៗដល់វិស័យឯកជនកម្ពុជា បន្ទាប់ពីគម្រោងនេះបានអនុវត្តន៍រួច៕

អត្ថបទដែលជាប់ទាក់ទង