ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ នាយករដ្ឋមន្រ្តី បអញ្ជើញមកដល់ Joint Base Andrews Airport

64

 

អាមេរិក ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញមកដល់ Joint Base Andrews Airport នៅម៉ោង 7:33pm។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សម្តេចតេជោ បានថ្លែងថា ថ្ងៃទី១០ ឧសភា នេះខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលខ្ញុំ។

សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងកូវីដ១៩ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។

ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

លើសពីនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ បន្ថែមពីនេះ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង