នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក អះអាងថា លោក ពូទីន នឹងមិនបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅត្រឹមតំបន់ដុនបាស់ នោះទេ
វ៉ាស៊ីនតោន៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី អាវ្រីល ហេននែស (Avril Haines) បានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅត្រឹមតំបន់ដុនបាស់នោះទេ ដោយអាចនឹងសាងផ្លូវមួយភ្ជាប់ទៅកាន់តំបន់ ត្រេនស្នីស្រ្ទីយ៉ា (Transnistria) គ្រប់គ្រងដោយរុស្ស៉ី នៅក្នុងប្រទេសម៉ុលដាវី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។
បើតាមលោកស្រី Avril Haines, ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ក៏កំពុងតាមដានផងដែរពីលទ្ធភាពអាចទៅរួចថាលោក ពូទីន អាចនឹងកែនកងទ័ពបន្ថែម នៅទូទាំងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការដាក់ចេញច្បាប់អាជ្ញាសឹក និងការវាយកាត់ផ្ដាច់ការផ្ដល់ជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន។
លោកស្រី Haines បានបញ្ជាក់ដូច្នេះថា «យើងបានវាយតម្លៃថាលោក ពូទីន កំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង នៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកមានបំណងសម្រេចគោលដៅ មិនមែនត្រឹមតែនៅក្នុងតំបន់ដុនបាស់នោះទេ»។ លោកបន្ថែមថា ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការដកកងទ័ពចេញពីការវាយកាន់កាប់ទីក្រុងកៀវ ហើយបញ្ជូនទៅកាន់តំបន់ដុនបាស់នាពេលកន្លងមក គឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះដោយ កងទ័ពរុស្ស៉ីនៅតែចិញ្ចឹមចិត្តចង់គ្រប់គ្រងដែនដីទាំងអស់ ក្នុងតំបន់ឆ្នេរសមុទ្រខ្មៅ ដើម្បីធានាប្រភពធនធានទឹកសម្រាប់តំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោកស្រី Avril Haines ធ្វើឡើងនៅក្នុងការផ្ដល់សក្ខីកម្មមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅចំពោះមុខ គណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិក៕