ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កែប ជុតិមា ជាប់ឆ្នោតជាប្រធាន គណៈកម្មការទី៤ ជំនួសសម្តេចឧត្តម ទេពញាណ

169

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។

របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៤ គឺ៖
១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។
២. ការបោះឆ្នោតជ្រើសតាំង៖
– ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា
– ឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។
៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។
៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ។

នៅព្រឹកថ្ងៃដដែលនេះ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការ។

បន្ទាប់ពីកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលបានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤)។
នាព្រឹកថ្ងៃដដែល គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ បានរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការ ដែលមាន ឯកឧត្តម កែប ជុតិមា ជាបេក្ខភាពប្រធាន ដើម្បីជំនួសសម្តេចឧត្តម ទេពញាណ ដែលបានទទួលមរណភាព។

លទ្ធផលនៃការបោះឆ្នោត ៖ – ព្រម ៨សំលេង – មិនព្រម ០សំលេង – អនុបវាទ ០សំលេង -វត្តមានអ្នកចូលរួមបោះឆ្នោតមានចំនួន៨រូប ៕

 

 

អត្ថបទដែលជាប់ទាក់ទង