ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោងប្រព័ន្ធទិន្នន័យ ស្តីពីហិរញ្ញប្បទាន សហប្រតិបត្តិការកម្ពុជា បង្ហាញថា ក្នុងចន្លោះឆ្នាំ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍ បានបើកផ្តល់ហិរញ្ញប្បទានប្រមាណ ១.២៨៧,២លានដុល្លារអាមេរិក ជាមធ្យម ២១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់គាំទ្រការអនុវត្ត គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (IDP)

238

ភ្នំពេញ៖នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ក.អ.ក.។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនដៃគូអភិវឌ្ឍន៍និងវិស័យឯកជន អំពី (១) ខ្លឹមសារសំខាន់ៗនៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និង (២)បច្ចុប្បន្នភាពនៃការកែសម្រួលឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

សិក្ខាសាលារយៈពេលមួយព្រឹកនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងអង្គទូតនៃបណ្តាប្រទេសប្រចាំកម្ពុជា អ្នកជំនាញការ តំណាងសមាគមវិនិយោគិន និងសភាធុរកិច្ចបរទេសនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ៩០រូប។

នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ រួមមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានជួយ ពង្រឹងសមត្ថភាពលេខាធិការដ្ឋាន IDP នៃ ក.អ.ក. និងជាពិសេស អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្ម (UNIDO) ដែលបានជួយបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីជំនាញ និងគាំទ្រផ្នែក បច្ចេកទេសក្នុងដំណើរការរៀបចំរបាយការណ៍ IDP NTR នេះឱ្យចប់សព្វគ្រប់ និងប្រកបដោយគុណភាព ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការផ្សព្វផ្សាយខ្លឹមសារនៃរបាយការណ៍នេះ ដែលបានផ្ដល់មូលដ្ឋានរឹងមាំ ច្បាស់លាស់ និងជាធាតុចូល សម្រាប់រាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី និង ការតម្រង់ទិសសម្រាប់ការអនុវត្តគោលនយោបាយ IDP ដំណាក់កាលបន្ទាប់ ដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានភាពរស់រវើក និងខ្លាំងក្លាឡើង ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ស្រប តាមការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ពិសេសក្នុងបរិការណ៍នៃវិបត្តិជំនីកូវីដ-១៩។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២កន្លងទៅ ក.អ.ក.បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ IDP MTR ជូនក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ហើយតាមការគ្រោងទុកនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២២ ខាងមុខ ក.អ.ក. នឹងបន្តផ្សព្វផ្សាយរបាយការណ៍នេះជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់តំណាងលេខាធិការដ្ឋាន IDP នៃ ក. អ. ក អង្គសិក្ខាសាលាបាន សម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនៃរបាយការណ៍ IDP MTR ក៏ដូចជាគាំទ្រចំពោះរបកគំហើញ ក្នុងរបាយការណ៍នេះ ហើយនឹងធ្វើការចែករំលែកបន្ថែមទៅកាន់ភាគីពាក់ព័ន្ធផ្សេងទៀត។ នាឱកាសនោះ ឯកឧត្តម ហ៊ូត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាឧត្តមមន្ត្រីមួយរូបនៃ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាពីផែនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបច្ចុប្បន្នភាពនៃការរៀបចំក សម្រួលគោលនយោបាយ IDP។

ឯកឧត្តមបានលើកឡើងថាបន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ដឹកនាំការសិក្សាវាយតម្លៃលម្អិតទៅលើនិន្នាការ និងការផ្លាស់ប្តូរនៃនិម្មាបនកម្មតំបន់ និងសកល ទាំង ផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីកែសម្រួលចក្ខុវិស័យ គោលដៅ និងគោលបំណងនៃគោលនយោបាយ IDP សម្រាប់រយៈពេលបន្តខាងមុខ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បាននិងកំពុងធ្វើកិច្ចការ នេះយ៉ាងសស្រាក់សម្រាំដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយភាពសកម្ម និងយកចិត្តទុកដាក់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ តាមរយៈការលើកសំណួរជា ច្រើន និងការជជែកពិភាក្សាគ្នាយ៉ាងស្វាហាប់។ ឯកឧត្តមជឿជាក់ថាសិក្ខាសាលានេះបានផ្តល់ព័ត៌មាន ល្អៗសម្រាប់ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនទុកជាមូលដ្ឋានដើម្បីប្រើប្រាស់ និងបន្តសហការយ៉ាងជិត ស្និទ្ធជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបថា យោងប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា បង្ហាញថា ក្នុងចន្លោះឆ្នាំ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍បានបើកផ្ដល់ហិរញ្ញប្បទានប្រមាណ ១.២៨៧,២លានដុល្លារ អាមេរិក ជាមធ្យម ២១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ IDP ដោយក្នុងនោះ វិធានការគន្លឹះបួនជាក់ស្តែង (ការបញ្ចុះថ្លៃអគ្គិសនី, ការរៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធ ដឹកជញ្ជូននិងភស្តុភារកម្ម, ការពង្រឹងទីផ្សារពលកម្ម និងការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង) ទទួលបានការគាំទ្រច្រើនជាងគេ ប្រមាណ ៩៣៨,៥លាន ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង