សម្ដេចក្រឡាហោម ស ខេង ឡើងការពារសេចក្តីព្រាងច្បាប់ ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅចំពោះមុខអង្គសភា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជានាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងសម័យប្រជុំនាឱកាសនេះ នឹងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានទទួលមរណភាព កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នានេះរដ្ឋសភា ក៏នឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។
អង្គសភាក៏ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសនៃកិច្ចប្រជុំសភានេះដែរក៏បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅចំពោះមុខអង្គសភាផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដើម្បីឆ្លើយតបបរិបទជាក់ស្តែងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងស្របពេលដែលកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅ ពិសេសការផ្ទេរសិទ្ធិអំណាច មុខងារនិងធនធានទៅឱ្យរដ្ឋបាលផ្ទាល់ថ្នាក់ក្រោមជាតិ ដូចបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០២១-២០៣០)។
សេចក្ដីព្រាងវិសោធនកម្មនេះក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀតនោះ ឃើញថាការពង្រឹងស្ថាប័ននិងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយយកកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររៀបចំឡើងដោយយោងនៃនិន្នាការសកលលោកនៃពាណិជ្ជកម្មអន្តរជាតិនិងដើម្បីឆ្លើយតបទៅនិងឧត្តមានុវត្តន៍ជាអន្តរជាតិនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងសកលោក។ តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងកំណត់នូវគោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្តិភាពនិងស្របតាមស្តង់ដារកំណត់ សំដៅធានាកម្រិតការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាអង្គប្រជុំរដ្ឋសភានាសម័យប្រជុំលើកទី៧ នីតិកាលទី៦ បានសម្រេច និងអនុម័តទាំងស្រុងលើរបៀបវារៈដែលបានកំណត់៕