មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបចរចាជាមួយ សមភាគីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីពិភាក្សាអំពីការ បន្តរក្សាខ្សែច្រវ៉ាក់ រវាងឧស្សាហកម្មប្រទេសទាំងពីរ បន្ទាប់ពីវៀតណាម បានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងវៀតណាម
ភ្នំពេញ៖ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីវិស័យឯកជនផងដែរ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹង វឹកខាន់ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីរិះរកមធ្យោបាយរួមគ្នាក្នុងការរក្សាឱ្យបាននូវការតភ្ជាប់នៃខ្សែច្រវ៉ាក់រវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខានិងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ភាគីទាំងពីរបានយល់ស្របគ្នា ក្នុងការរក្សាឱ្យបាននូវនិរន្តរភាពនៃខ្សែច្រវ៉ាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខានិងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប គឺជាកិច្ចការដ៏ចាំបាច់និងសំខាន់បំផុត ដើម្បីរក្សាបាននូវវិនិយោគផលិតកង់នៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស ដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួនដែលផលិតនៅវៀតណាមមករួមបញ្ចូលក្នុងផលិតកម្មនៅកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការរួមគ្នាបន្តខ្សែច្រវ៉ាក់តម្លៃនេះ នឹងផ្តល់ផលចំណេញដល់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ និងជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់អាស៊ាន។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្នុងរៀងៗខ្លួន ហើយជូនដំណឹងឱ្យគ្នាទៅវិញទៅមកឱ្យបានឆាប់ៗ នាពេលខាងមុខនេះ៕