ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ព្រមព្រៀង បើកទេសចរណ៍ផ្លូវគោក និងអាកាសឡើងវិញ

200

វ៉ាស៉ិនតោន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាមក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ។

ចំណុចនេះត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាជនខ្មែរអាមេរិក និងខ្មែរកាណាដា នៅរដ្ឋធានីវ៉ាស៉ិនតោន សហរដ្ឋអាមេរិក នាព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ខណៈនៅសហរដ្ឋអាមេរិកចំពេលព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្ដេចទើបតែបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាមលើការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អម្បាញ់មិញ ខ្ញុំបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាម, ខ្ញុំគ្រាន់តែសំណូមពរទៅគាត់ថា ឥឡូវ យើងគួរតែបើកទេសចរណ៍ផ្លូវគោកឡើងវិញ, ចម្លើយរបស់គាត់ (នាយរដ្ឋមន្ត្រីវៀតណាម) តបមកវិញថា គាត់សុំស្នើបើកទាំងផ្លូវគោក និងផ្លូវអាកាសថែមទៀត, ខ្ញុំថា ខ្ញុំឯកភាព»។

គួរជម្រាបថា កម្ពុជា-វៀតណាមបានផ្អាកសកម្មភាពទេសចរណ៍ជាមួយគ្នាតាំងពីការរាតត្បាតជំងឹកូវីដ១៩នៅប្រទេសទាំងពីរមានការរីករាលដាលខ្លាំង ជាហេតុនាំឱ្យប្រទេសវៀតណាមប្រកាសផ្អាកការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសខ្លួន។ មកទល់ពេលនេះ កម្ពុជាបាននិងកំពុងអនុវត្តយន្តការទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង បន្ទាប់ពីប្រកាសបើកប្រទេសឡើងវិញកាលពីចុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍កម្ពុជាក៏កំពុងផ្សព្វផ្សាយពី «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ជនរួមជាតិខ្មែរនៅឯនាយសមុទ្របន្តទៀតថា បច្ចុប្បន្ននេះ ប្រសិនបើប្រជាជនខ្មែរនៅបរទេស ឬក៏ជនជាតិបរទេសចង់ទៅប្រទេសកម្ពុជា ទី១មិនតម្រូវឱ្យធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុននោះទេ ទី២សម្រាប់អ្នកចាក់វ៉ាក់ពេញលេញ គឺមិនតម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ឡើយ នៅពេលទៅដល់ប្រទេសកម្ពុជា ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅបានហើយ ទី៣សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។

សម្ដេចតេជោថែមទាំងបានណែនាំទៅកាន់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ត្រូវពិភាក្សាអំពីលក្ខខណ្ឌឆ្លងកាត់ចេញចូលឱ្យបានច្បាស់លាស់ ពិសេសគឺត្រូវដឹងថាប្រសិនបើអ្នកដំណើរចេញពីកម្ពុជាចូលវៀតណាម តើខាងវៀតណាមតម្រូវលក្ខខណ្ឌអ្វីខ្លះ? តើត្រូវការតេស្ត PCR រយៈពេល៧២ម៉ោងមុនទេ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើចត្តាឡីស័កទេ? ប្រសិនបើធ្វើ តើធ្វើប៉ុន្មានថ្ងៃ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ដែរទេ? ដែលទាំងនេះជាចំណុចសំខាន់ចំពោះការបើកទេសចរណ៍ឡើងវិញ។

សម្ដេចតេជោបានបន្តទៀតថា ទោះបីលក្ខខណ្ឌខាងភាគីវៀតណាមតឹងរឹងដែលប្រជាជនកម្ពុជាមិនសូវចេញទៅវៀតណាម ប៉ុន្តែភ្ញៀវទេសចរខាងវៀតណាមនឹងចូលមកកម្ពុជាដែរ ហើយកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសបន្ថែមទៀត។

គួរជម្រាបថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាក៏បានបើកច្រកព្រំដែនគោកជាមួយប្រទេសថៃឡើងវិញផងដែរ ដើម្បីសម្រួលឱ្យប្រជាជន និងភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន ដោយភ្ជាប់ជាមួយលក្ខខណ្ឌខ្លះៗដែលភាគីថៃតម្រូវឱ្យអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង