អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ នៅក្នុងរដូវកាល នៃយុទ្ធនាការបោះឆ្នោត តែងតែលេចលឺនូវការបំផុស ឱ្យមានការចាប់អារម្មណ៍ព័ត៌មានពី អ្នកនយោបាយមួយចំនួន
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថៃ្ងព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ បានចេចញសេចក្ដីថ្លែងការណ៍មួយ សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មានគ្រប់និន្នាការ ទាំងអស់ជ្រាបថា នៅក្នុងរដូវកាល នៃយុទ្ធនាការបោះឆ្នោត តែងតែលេចលឺនូវការបំផុស ឱ្យមានការចាប់អារម្មណ៍ព័ត៌មានពី អ្នកនយោបាយមួយចំនួន ដែលរំលេចឡើងពីសភាពការណ៍ និងបរិយាកាសចង្អៀតចង្អល់ ក្នុងការរឹតត្បិតនូវសកម្មភាព សេរីភាព នយោបាយ ដែលជាកិច្ចចូលរួមស្របច្បាប់ ក្នុងសកម្មភាពបោះឆ្នោត ក៏ប៉ុន្តែគេកម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុនោះណាស់ ក្នុងន័យនេះ ព័ត៌មានទាំងអស់នោះ គឺគ្រាន់តែជាការបំផុស បង្កើតទឡីករណ៍នយោបាយ ដើម្បីត្រៀមដាក់ទម្ងន់លើការចោទប្រកាន់ និងវាយតម្លៃជាសកល ក្នុងហេតុផលធ្វើឱ្យប៉ះពាល់ទៅលើលទ្ធផលការបោះឆ្នោតប៉ុណ្ណោះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការបង្ហោះផ្សព្វផ្សាយព័ត៌មានទាំងនេះ វាក្លាយទៅជាប្រពៃណី ទំនៀមទម្លាប់ នៅក្នុងរដូវនៃការបោះឆ្នោត ពីគណបក្ស និងអ្នកនយោបាយ ដែលតាំងខ្លួនជាអ្នកប្រឆាំង គឺគេមិនបានតាំងខ្លួនជាអ្នកចូលរួមក្នុងកិច្ចកសាង ឬពង្រឹងឥរិយាបថតម្រូវការ សង្គមប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។
អង្គភាពអ្នកនាំពាក្យ ក៏សូមបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែរំលឹកដល់មន្ត្រីគ្រប់ស្ថាប័ន ឱ្យចូលរួមការពារបរិយាកាស ឱ្យបានល្អប្រសើរ ដើម្បីកសាង និងពង្រឹងប្រជាធិបតេយ្យ នៅក្នុងថេរវេលា សម័យកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
យើងទាំងអស់គ្នា ក៏ទទួលស្គាល់ថា អស់រយៈពេលជាង ៤០០ឆ្នាំកន្លងមក កម្ពុជាពុំដែលមានភ័ព្វវាសនា នៃឱកាសកសាងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានរបស់ខ្លួននោះឡើយ អាស្រ័យហេតុដូច្នេះ ឱកាសនេះ គឺជាឱកាសម្រាប់យើងទាំងអស់គ្នា ក្នុងកិច្ចកសាងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ នោះបើមានព្រឹត្តិការណ៍មិនប្រក្រតីណាមួយកើតឡើង សូមមេត្តារាយការណ៍ជម្រាបជូនគណៈកម្មាធិការ រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធនៅតាមឃុំ-សង្កាត់ ដើម្បីរក្សាប្រក្រតីភាព និងតម្លៃនៃកិច្ចកសាងលទ្ធិ ប្រជាធិបតេយ្យរបស់សង្គមជាតិយើងទាំងមូល៕