អូស្ត្រាលី ជួយកម្ពុជា ដាំដំឡូងមី ប្រកបដោយសុវត្ថិភាព និងទទួលបានផលល្អ
ស្ទឹងត្រែង ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា តើអ្នកដឹងទេថា ជំងឺរាតត្បាតលើផលដំណាំ កំពុងកាត់បន្ថយទិន្នផលដំឡូងមីនៅកម្ពុជា រហូតដល់ ៨០%?
ដំឡូងមី ជាដំណាំដ៏សំខាន់ដែលកសិកររាប់ពាន់នាក់កំពុងដាំដុះសម្រាប់ជាអាហារ ប្រភពប្រាក់ចំណូលសំរាប់គ្រួសារ និងការនាំចេញ។ ប៉ុន្តែដំណាំទាំងនេះកំពុងរងការគំរាមកំហែងពីជំងឺដ៏សាហាវមួយគឺ ជំងឺវីរុសម៉ូសាអ៊ិកដំឡូងមី (Cassava Mosaic Disease)។ ដំណាំដំឡូងមីដែលឆ្លងមេរោគ CMD បាត់បង់សមត្ថភាពក្នុងការផលិតឫសអោយមានគុណភាព។
តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (#CAVAC) អូស្ត្រាលីបានសហការជាដៃគូជាមួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើតឡើង និងការរីករាលដាលនៃ ជំងឺ CMD តាំងពីឆ្នាំ ២០១៨មក ព្រមទាំងបង្កើនប្រាក់ចំណូលចម្បងសម្រាប់កសិករជាស្ត្រីដែលដាំដំឡូងមី។
កាលពីថ្ងៃពុធកន្លងមក លោកស្រី Amber Cernovs លេខាទីមួយរបស់យើង មានសេចក្តីរីករាយបានឃើញពីលទ្ធផលនៃការគាំទ្ររបស់យើងនៅក្នុងខេត្តស្ទឹងត្រែង ដែលកម្មវិធីកាវ៉ាក់ (#CAVAC) កំពុងធ្វើការជាមួយរដ្ឋាភិបាល ក្នុងការបង្កើនចំនួនដំណាំដំឡូងមីដែលមានសុខភាពល្អ មានជីជាតិ និងគ្មានជំងឺ ដែលនាំឱ្យទទួលបានទិន្នផលកាន់តែខ្ពស់ និង ផលិតផលមានគុណភាពកាន់តែប្រសើរ។
នេះគឺជាភាពជាដៃគូដ៏អស្ចារ្យដែលយើងមានជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ CARDI, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT)។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវេង សាខុន អមដំណើរជាមួយលោកស្រី Amber Cernobs និងសហការី បានអញ្ជើញបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង ដើម្បីមកប្រគល់ផ្ទះសំណាញសម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលពិធីនេះបានរៀបចំនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមផងដែរ ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងមានវត្តមានលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ លោកប្រធានមន្ទីរជុំវិញខេត្ត ក្រុមហ៊ុន និងប្រជាកសិករប្រមាណ ១៥០នាក់។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ជូនជ្រាបអំពីសក្តានុពលនៃផលិតកម្មដំឡូងមី ពូជ បញ្ហាប្រឈម ទីផ្សារ និងការសាកពិសោធន៍ពូជដំឡូងមីដែលកំពុងដំណើរការ។ លោកបានឲ្យដឹងថា គម្រោងផ្ទះសំណាញ់ត្រូវបានគាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី អនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT)។ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តបានធ្វើចំណាប់អារម្មណ៍ទាក់ទងនិងពិធីដ៏មានសារ:សំខាន់នារសៀលថ្ងៃនេះ និងជាពិសេសបានបង្ហាញឆន្ទ:គាំទ្រលើការអនុវត្តគម្រោងនេះ ប្រយោជន៍ដើម្បីកំណើនផលិតកម្មដំឡូងមី ផលិតភាពកំណើនសេដ្ឋកិច្ចគ្រួសារ តាមរយ:ការប្រើប្រាស់ពូជដំឡូងមីគ្មានជំងឺ។ ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរ និងមន្រ្តីជំនាញ ខិតខំបន្ថែមទៀត ធ្វើការពង្រីកពូជដំឡូងមីគ្មានជំងឺនេះឲ្យបានគ្រប់គ្រាន់ ឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រី Amber Cernobs ដែលបានជំរុញ និងគាំទ្រឲ្យគម្រោងនេះបានកើតឡើងលើទឹកដីខេត្តស្ទឹងត្រែងដែលមានសក្តានុពលលើវិស័យកសិកម្មជារួម និងផលិតកម្មដំឡូងមីនិយាយដោយឡែក។ លោកសង្ឃឹមថាលទ្ធផលដែលទទួលបានពីគម្រោងនេះនឹងជួយឲ្យផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹងត្រែងមានកំណើន ធានាបានពូជដំឡូងមីមានសុខភាពល្អ ទិន្នផលខ្ពស់ និងគុណភាពល្អ។ លោកស្រីលេខាទី១ ក៏បានផ្តល់មូលវិចារដ៏មានអត្ថន័យក្តោមជារួមទាក់ទងនឹងគម្រោងផ្ទះសំណាញសម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី យល់ឃើញថាផលិតកម្មដំឡូងមីមានឥទ្ធិផលជាវិជ្ជមាន លើសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ហើយប្រាកដណាស់កន្លងមកមិនមែនតែ កម្ពុជាទេ សូម្បីប្រទេសក្នុងតំបន់មួយចំនួនក៏បាននិងកំពុងរងផលប៉ះពាលដោយសារជំងឺម៉ូសាអ៊ិចនេះយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទិន្នផលដំឡូងមីរបស់បងប្អូនប្រជាកសិករធ្លាក់ចុះយ៉ាងគំហុក ហើយបានប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ ដូច្នេះ លោកស្រីសង្ឃឹមថាគម្រោងនេះនឹងជួយដោះ ស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្កង ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអំពីផលិតកម្មដំឡូងមី បរិមាណផល គុណភាព និងជំងឺឆ្លងម៉ូសារអ៊ិច។ល។ បន្ទាប់ពីបានជ្រាបតាមរយ:របាការណ៍របស់លោកប្រធានមន្ទីរអំពីបញ្ហាប្រឈមនៃផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹង ត្រែង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃលើលទ្ធផលសិក្សា ស្រាវជ្រាវ សាកពិសោធន៍ ដើម្បីបន្សុត ពូជដំឡូងមីគ្មានជំងឺ និងផ្តល់ទិន្នផលខ្ពស់ ដែលកម្មវិធី CAVAC (ដំណាក់កាលទី២) សហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ហើយបាននិងកំពុងហុចផលជាផ្លែផ្កា គួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា លទ្ធផលនេះនឹងជួយពង្រីកពូជសុទ្ធ គ្មានជំងឺ ទទួលបានទិន្នផលខ្ពស់ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករនៅទូទាំងខេត្តស្ទឹងត្រែង និងជាបន្ត បន្ទាប់យកទៅចែកជូនខេត្តនៅក្នុងតំបន់នេះទាំងមូល ធ្វើការដាំដុះឲ្យទាន់រដូវ។ យកឱកាសជួបជាមួយអ្នកដាំដំឡូងមី ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អំពីទីផ្សារដំឡូងមីក្នុងបរិបទនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ទាំងក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសនោះគឺច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” បានអនុម័តដាក់ឲ្យអនុវត្ត ក្នុងបំណងគ្រប់គ្រង និងទប់ស្កាត់រាល់ការនាំចូលពូជដំណាំគ្រប់ប្រភេទដែលប្រឈមនឹងហានីភ័យជំងឺឆ្លង និងត្រូវលើកកម្ពស់ផលិតភាពផលិតកម្មពូជដំឡូងមី និងពូជដំណាំក្នុងស្រុកផ្សេងទៀត តាមរយ:វិស័យឯកជន និងដៃគូអភិវឌ្ឍ។
ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើសុំឱ្យមន្រ្តីជំនាញយកចិត្តទុកដាក់បង្កើនចំណេះ ដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំដំឡូងមីនេះនៅតាមចំការ និង ក្រុមហ៊ុនផ្ទាល់ ដើម្បីធ្វើការផ្សព្វផ្សាយពូជ និងបច្ចេកទេឲឲសជូនកសិករនៅទូទាំងតំបន់នេះ ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ គម្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ហេតុ នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានពូជដំណាំ) សហការ ជាមួយមន្ទីរ បន្តសកម្មភាពគម្រោងឲ្យមាននិរន្តរភាព៕