ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តកាលច្រកចេញចូល តែមួយសេវា អត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅចំនួន១៤នៅរាជធានីបានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃ១៣ឧសភានេះ

81

ភ្នំពេញ៖ យន្តកាលច្រកចេញចូលតែមួយសេវា អត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅ បានដាក់ឲ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៣ខែឧសភានេះ ក្រោយពីបានរៀបចំនិងប្រជុំពិភាក្សាអស់រយៈពេលប្រមាណ១ឆ្នាំ។

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅនៅក្នុងរាជធានីភ្នំពេញនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ទោ អ៊ុកឆាយ បញ្ញារ៉ា អគ្គនាយករងអត្តសញ្ញាណកម្មនិងមានការចូលរួមពី អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ និងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ផងដែរ។

សង្កាត់ ទាំង ១៤ រួម មាន ៖
១. សង្កាត់ ទន្លេ បាសាក់ (ខណ្ឌ ចំការមន )
២. សង្កាត់ ផ្សារថ្មី ទី៣ (ខណ្ឌ ដូន ពេញ )
៣. សង្កាត់ វាលវង់ (ខណ្ឌ ៧មករា )
៤. សង្កាត់ ផ្សារដេប៉ូទី១ (ខណ្ឌ ទួល គោក )
៥. សង្កាត់ដង្កោ (ខណ្ឌ ដង្កោ )
៦. សង្កាត់ ស្ទឹងមានជ័យ ទី២ (ខណ្ឌ មានជ័យ )
៧. សង្កាត់ គីឡូម៉ែត្រ លេខ ៦ (ខណ្ឌ ឬស្សីកែវ )
៨. សង្កាត់ ក្រាំង ធ្នង់ (ខណ្ឌ សែនសុខ )
៩. សង្កាត់ ចោមចៅ ទី៣ (ខណ្ឌ ពោធិ៍ សែនជ័យ )
១០. សង្កាត់ ព្រែក លៀប (ខណ្ឌ ជ្រោយ ចង្វា រ)
១១. សង្កាត់ ព្រែក ព្នៅ (ខណ្ឌ ព្រែក ព្នៅ )
១២. សង្កាត់ វាលស្បូវ (ខណ្ឌ ច្បារ អំពៅ )
១៣. សង្កាត់ ទួលស្វាយព្រៃ ទី១ (ខណ្ឌ បឹងកេងកង )
១៤ សង្កាត់ កន្ទោក (ខណ្ឌ កំបូល )។

លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា យន្ត ការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់នេះ សម្រាប់រាជធានីភ្នំពេញ មានចំនួន ១៤ខណ្ឌនិងស្មើនឹង១៤សង្កាត់ ដែលត្រូវបានជ្រើសរើសជាគោលដៅ ដើម្បីផ្ដល់សេវាអត្តសញ្ញាណកម្មនេះ ជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស តាមប្រព័ន្ធIT ហើយ សេវា អត្ត
សញ្ញាណកម្មនេះ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ក្នុងនោះ
រួមមានសេវាកម្មចុះអត្រានុកូលដ្ឋាន សំបុត្រចំលងកំណើត សៀវភៅស្នាក់នៅ ការផ្ដល់នូវអត្តសញ្ញាណប័ណ្ណនិងការផ្ដល់លិខិតបញ្ជាក់លំនៅដ្ឋាន ។

លោក ហួត ហៃ បានស្នើឲ្យមន្ត្រីដែលអនុវត្តការងារនេះ ត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អពិសេស ត្រូវមានក្រមស្រីធម៌ឲ្យបានល្អជាមួយប្រជាពលរដ្ឋ ដែលមកទទួលសេវាទាំងនេះ។
បន្ថែមពីនេះលោកហួត ហៃ ក៏បានណែនាំ អោយ អាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជា មន្ត្រីប៉ូលិសមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានដឹងនិងបានយល់ ពីសេវាកម្មដែលបង្កើតថ្មីនេះ  ដើម្បីឱ្យពួក បានយល់ហើយមកទទួលសេវានេះបានលឿន ។

លោកឧត្តមសេនីយ៍ទោអ៊ុកឆាយ បញ្ញារ៉ា ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការបង្កើតយន្តការច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្មនេះ យើងបានបំពាក់ឧបករណ៍និងសម្ភារៈ នៅតាមឃុំសង្កាត់បានចំនួន៥០០ឃុំ សង្កាត់ហើយ ។ ជាទិសដៅបន្តយើងនឹងបន្តបំពាក់ឧបករណ៍ និងសំភារៈទាំងនេះនៅតាមឃុំសង្កាត់ចំនួន៥០០ បន្តទៀត ដើម្បីបម្រើសេវានេះឲ្យកាន់តែល្អប្រសើរ និងនៅកៀកកិតជាមួយបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង