ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកប ដោយប្រសិទ្ធភាពទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ

340

 

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង ។

អញ្ជើញមានប្រសាន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាន៍ថា ពិធីជួបជុំនាឱកាសនេះ មានបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ពាក់ព័ន្ធនឹងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត និងវិធានការជាក់ស្ដែងនានា ដែលចាត់ចែងអនុវត្តដោយក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ឱកាសឱ្យតំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីឃុំមួយចំនួនក្នុងខេត្តព្រៃវែង ឡើងថ្លែងចំណាប់អារម្មណ៍អំពីសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រមទាំងលើកឡើងនូវបញ្ហាប្រឈម ទិសដៅអនុវត្ត សំណូមពរ និងការប្ដេជ្ញាចិត្ត ។

បន្ទាប់ពីបានស្ដាប់នូវការលើកឡើងពីតំណាងបេក្ខជនដែលក្នុងនោះក៏មានការគូសបញ្ជាក់អំពីបញ្ហាប្រឈមខ្លះៗផងនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកប ដោយប្រសិទ្ធភាពទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ។

នាឱកាសនោះដែរ សម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា និងបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោតពីឃុំសង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង