សំណល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបន្តគំរាមកំហែងដល់ សេចក្តីសុខនិងសុវត្ថិភាព ប្រជាជនកម្ពុជា
ប៉ៃលិន ៖នៅត្រង់ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាមក្នុងវាលស្រែស្ថិតនៅភូមិស្ទឹងកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យអ្នកបើកបរត្រាក់ទ័ររបួសដាច់ជើងឆ្វេងនិងត្រាក់ទ័រមួយគ្រឿងត្រូវបំផ្លាញទាំងស្រុង។ នេះសោកវិនាសកម្មនៃសំណល់គ្រាប់មីនជាមរតកនៃសង្គ្រាម!! ។ សង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែសំណល់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបន្តគំរាមកំហែងដល់សេចក្តីសុខនិងសុវត្ថិភាពប្រជាជនកម្ពុជា! ។
បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរស្រែ ជាន់មីនតោនបណ្តាលឲ្យផ្ទុះ នៅវេលាម៉ោង ១១:០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចទល់មុខបន្ទាយស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
របាយការណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មឿន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកត្រាក់ទ័រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសដាច់កជើងខាងឆ្វេង របួសដងខ្លួន និងបែកក្បាល ។
ជនរងគ្រោះជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រវាយដីអោយ ឈ្មោះ ឃួន សុធា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកជួលដីស្រែពីម្ចាស់ស្រែបន្ត។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕