ក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ធ្ងន់ៗជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវឲ្យក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។
សម្ដេចតេជោ សូមឲ្យក្រសួងត្រូវធ្វើវឌ្ឍនភាព ស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីស-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង ។
នៅព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់ កូនៗ ក្មួយៗ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលអ្នកខ្លះជាគ្រូពេទ្យរួចហើយ អ្នកខ្លះទៀតគឺកំពុងតែសិក្សា ដែលបានសម្រេចចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំង កូវីដ-១៩ ដើម្បីជួយជីវិតប្រជាជន។ សម្ដេចតេជោ ពិតជាមានមោទនភាពចំពោះ បងប្អូន កូន ក្មួយ ក្រុមគ្រូពេទ្យ ពិសេស អរគុណចំពោះ ឪពុក ម្ដាយ ប្ដី ប្រពន្ធ កូន ដែលព្រមលះបង់ពេលវេលានៃការមិនបានរួមរស់ជុំគ្នា អនុញ្ញាតអោយ ឪពុក ម្ដាយ កូន ប្ដី ប្រពន្ធ ចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ធ្ងន់ៗថា រាល់អ្នកដំណើរ មិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និង ធ្វើចត្តាឡីស័ក៧ថ្ងៃ ផ្ទុយទៅវិញ ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយ គឺចូលមកកម្ពុជាគឺងាយស្រួលណាស់ មិនចាំបាច់ធ្វើតេស្ត និង ចត្តាឡីស័កឡើយ។ “ ត្រូវអនុវត្តទេសចរណ៍វ៉ាក់សាំង “៕