កិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមហើយ
ភ្នំពេញ៖ កិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) បានចាប់ផ្តើមដំណើរការប្រជុំជាបន្តបន្ទាប់គ្នា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។
កិច្ចប្រជុំទាំងពីរនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន។
កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) នឹងស្តាប់របាយការណ៍សង្ខេបរបស់កិច្ចប្រជុំ ក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM WG) កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញវិទ្យាស្ថាន ការពារជាតិ និងសន្តិសុខអាស៊ានលើកទី១៦ (1EE NADI) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (19 ACDFN) ព្រមទាំងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការការពារ ជាតិអាស៊ានដែលមានស្រាប់ ក៏ដូចជាពិនិត្យពិចារណាលើគំនិតផ្តួចផ្តើមថ្មីៗរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងគោលដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងអាស៊ាន សម្រាប់ពេលអនាគត។
ទន្ទឹមនេះ កិច្ចប្រជុំនេះក៏នឹងធ្វើការពិនិត្យសម្រេចលើឯកសារសំខាន់ចំនួន៣រួមមានទី១៖ សេចក្តីព្រាង ចក្ខុវិស័យភ្នំពេញស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញក្រោយកូវីដ១៩, ទី២៖ សេចក្តីព្រាងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង៣៖ សេចក្តីព្រាងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលឯកសារយុទ្ធសាស្ត្រទាំង៣នេះនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដើម្បីអនុម័តនាពេលខាងមុខ។ ជាមួយគ្នានេះ សំណើរបស់បណ្តាប្រទេសបូកសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសំណើរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ក៏នឹងត្រូវលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនេះ ផងដែរ។
ដោយឡែក កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូក (ADSOM-Pis) នឹងស្ដាប់សេចក្តីរាយការណ៍របស់លេខាធិការដ្ឋានអាស៊ានស្តីពីការអភិវឌ្ឍថ្មីៗ នៅក្នុងអាស៊ាន និងរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារជំនាញទាំង៧ វិស័យក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូករួមមានទី១៖ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ទី២៖ សន្តិសុខលម្ហសមុទ្រ, ទី៣៖ វេជ្ជសាស្ត្រយោធា, ទី៤៖ ប្រឆាំងភេរវកម្ម, ទី៥៖ ប្រតិបត្តិការរក្សាសន្តិភាព, ទី៦៖ សកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ និង៧៖ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន។
កិច្ចប្រជុំក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពិនិត្យពិចារណាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកស្តីពីកិច្ច សហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងអំឡុងនៃកិច្ចប្រជុំប្រធានប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសបូកនឹងចូលជួបសម្តែងការគួរសមសម្ដេចពិជ័យសេនា ទៀ បាញ់ នៅទីស្តីការក្រសួងការពារជាតិផងដែរ។
កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការប្រុងប្រៀបរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នៅខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
កិច្ចប្រជុំទាំងពីរខាងលើនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ស្របតាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕