ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

128

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖

១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា អធិការកិច្ច និង មុខងារសាធារណៈ សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។

២.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃយណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី សុវត្ថិភាពម្ហូបអាហារ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។

៣.កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។

អង្គប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ របស់គណៈកម្មការជំនាញពាក់ព័ន្ធ និងស្ដាប់មតិផ្ដល់យោបល់របស់សមាជិកអង្គប្រជុំរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាក៏បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដាក់សេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញដែលប្រព្រឹត្តទៅ នាថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨:០០ នាទីព្រឹក ដោយមានរបៀបវារៈ ពិនិត្យហើយឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ ចំនួនពីរខាងលើនិងអនុម័តយល់ព្រមលើសមាសភាព លេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ចំនួនពីររូបគឺ : ១.ឯកឧត្តម ទេព យុទ្ធី និង ២.លោកជំទាវ មុំ សណ្ដាប់ ។

អត្ថបទដែលជាប់ទាក់ទង