ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងស្រុកឱរ៉ាល់

160

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ ។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងព្រះសង្ឃ ពុទ្ធបរស័ទចំណុះ ជើងវត្ត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ក្នុងទឹកមុខស្រស់ស្រាយ នៅក្បែរជើងភ្នំខ្នងផ្សារ លោក វ៉ី សំណាង បានលើកឡើងពីប្រវត្តិរបស់វត្តគិរីរុក្ខា ដែលមានអាយុកាលប្រមាណ៦៧ឆ្នាំ មកហើយ ដែលពីដំបូងប្រជាជនហៅថាជា វត្តរលាក់កងជើង។
លោកបានបញ្ជាក់ពីការវឌ្ឍនភាព នៃការសាងសង់សមិទ្ធផលនានា ស្ថិតក្នុងវត្តគិរីរុក្ខាដែលចាប់ផ្ដើមកសាងតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ១២០,០០០ ដុល្លារ។
លោក វ៉ី សំណាង សមិទ្ធផលទាំងអស់អស់កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គណៈកម្មការប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុង និងក្រៅប្រទេសហើយសមិទ្ធផលនេះនឹងផ្ដល់ជាប្រយោជន៍ ក្នុងន័យបម្រើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាទុកសម្រាប់កូនចៅជំនាន់ក្រោយប្រើប្រាស់ និងគោរពបូជា។ លោកបន្ថែមថា ស្ថិតក្នុងបរិបទនៃការប្រយុទ្ធជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្ត និងរិះរកគ្រប់វិធីសាស្រ្ត ក៏ដូចជាបន្តប្ដេជ្ញាជំរុញ និងពន្លឿនវឌ្ឍភាពនៃការអនុវត្តការដ្ឋានកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំ។
លោកតា អ៊ំពូមីង លោក ហ៊ុន ម៉ានី មានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងប្រកបដោយភាពសប្បាយរីករាយជាមួយពុកម៉ែ បងប្អូន ដែលបានចូលរួមជាមួយព្រះតេជគុណ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងសម្ដែងនូវការចូលរួមអបអរសាទរជាមួយព្រះតេជគុណគ្រប់ព្រះអង្គដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងជួយបំពេញនូវសេចក្ដីត្រូវការរបស់ទីវត្តអារាម។
ទន្ទឹមនឹងការចូលរួមអបអរសាទរ ឯកឧត្តមបានរំលឹកឡើងនូវអនុស្សាវរីយ៍នានា នៅក្នុងឃុំតាសាលជាពិសេសក្នុងឆ្នាំ២០២០ ដោយលោកបានធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។
«លោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ពិតជាបានឃើញហើយថា គ្រប់វិស័យទាំងពុទ្ធិចក្រ និងអាណាចក្រសុទ្ធតែមានការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់។ ទាំងអស់នេះ កើតឡើងដោយសារកត្តា នៃសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ ទៅដល់គ្រប់ចុងកាត់មាត់ញក ឬតំបន់ដាច់ស្រយាលនានាទូទាំងប្រទេស។ ក្នុ្ងងនាមជាតំណាងរាស្ត្រ ខ្ញុំពិតជាមានសេចក្តីរីករាយ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទើបយើងមានសមិទ្ធផលនានា ជាក់ស្តែងគឺដូចអ្វីដែលយើងបានដាក់សម្ពោធនៅថ្ងៃនេះ»។ នេះជាអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់។
លោក ហ៊ុន ម៉ានី បានបន្ថែមថា ការធ្វើដំណើរមកកាន់ឃុំតាសាល គឺជាលើកទីបី សម្រាប់លោកដែលធ្វើឲ្យលោកមើលឃើញពីការវិវត្តន៍នានា នៅក្នុងឃុំតាសាល ហើយលើសពីនោះថែមទៀត។ លោកនឹងផ្ដល់ជូននៅការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត បន្ទាប់ពីសង្កេតឃើញសភាពចាស់ទ្រុឌទ្រោម នៃស្ពានដែលលោកបានធ្វើដំណើរឆ្លងកាត់ ហើយសមិទ្ធផលមួយនេះ នឹងជួយសម្រួលដល់ការរស់នៅ ក៏ដូចជាបម្រើប្រយោជន៍ជូនប្រជាជនក្នុងស្រុកឱរ៉ាល់ជាបន្តបន្ទាប់ទៀត។
លោកបានបញ្ជាក់ថា «ពេលធ្វើដំណើរមកកម្មវិធីនេះ ខ្ញុំ និងក្រុមការងារបានជួបប្រទះស្ពានឈើចាស់មួយកន្លែង ដែលពិបាកឆ្លងកាត់ ហើយត្រូវពង្វាងផ្លូវចុះទៅខាងក្រោមស្ពានដើម្បីបានបន្តដំណើរ»។
ឆ្លៀតឱកាសនេះ លោក ក៏បានផ្តល់ជូនស្ពានចំនួនមួយឲ្យរឹងមាំ ជំនួសឲ្យស្ពានឈើដែលកំពុងចាស់ទ្រុឌទ្រោម ជាអនុស្សាវរីយ៍ជូនដល់ប្រជាពលរដ្ឋឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ថែមលើការចូលរួមជាធម្មទានមួយចំនួនជូនវត្តរុក្ខគិរី ហៅវត្តសំពៅផុស៕
សំរិត

អត្ថបទដែលជាប់ទាក់ទង