សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ របាយការណ៍ វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥
ភ្នំពេញ៖ តំណាងរដ្ឋបាលរាជធានីខេត្តទាំង២៥ សភាពាណិជ្ជកម្មកម្ពុជានិងសាខាសភាពាណិជ្ជកម្មកម្ពុជាតាមបណ្តាខេត្ត សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងអង្គការ UNIDO បានចូលរួមក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) ។
បន្ទាប់ពីរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសិក្ខាសាលាជាសេរ៊ីដើម្បីផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃរបាយការណ៍ខាងលើជូនគ្រប់តួអង្គពាក់ព័ន្ធ។ ជាក់ស្តែង នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សិក្ខាសាលាជាសេរីលើកទី៣ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្ដម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ដោយមានការចូលរួមពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. ផងដែរ។ បន្ថែមពីការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ នៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP សិក្ខាសាលានេះក៏មានគោលបំណងជម្រាបជូនអង្គសិក្ខាសាលាពីដំណើរការនៃការធ្វើបច្ចុប្បន្នភាពឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ សិក្ខាសាលានាព្រឹកនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងគណៈអភិបាលរាជធានីខេត្តទាំង២៥ សភាពាណិជ្ជកម្មកម្ពុជានិងសាខាសភាពាណិជ្ជកម្មកម្ពុជាតាមបណ្តាខេត្ត សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អង្គការ UNIDO និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក. សរុបចំនួនប្រមាណ ៨០រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីការចូលរួមផ្តល់ធាតុចូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៍ដូចជាការផ្តល់កិច្ចសហការនិងការគាំទ្រដល់ ក.អ.ក ក្នុងការរៀបចំរបាយការណ៍ដ៍មានសារៈសំខាន់នេះឡើង។ ខ្លឹមសារនៃរបាយការណ៍នេះបានផ្ដល់មូលដ្ឋានរឹងមាំ ច្បាស់លាស់ និងជាធាតុចូលសម្រាប់រាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី និងការតម្រង់ទិសសម្រាប់ការអនុវត្តគោលនយោបាយ IDP ដំណាក់កាលបន្ទាប់ ដើម្បីធ្វើឱ្យវិស័យឧស្សាហកម្ម កម្ពុជាកាន់តែមានភាពរស់រវើក និងខ្លាំងក្លាឡើង ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងពីសារៈសំខាន់នៃរបាយការណ៍ត្រួតពិនិត្យ វាយតម្លៃពាក់កណ្តាលអាណត្តិនេះដែលត្រូវបានរៀបចំឡើងដោយមានប្រព័ន្ធតាមដាន និងវាយតម្ល មួយពេញលេញ និងគ្រប់ជ្រុងជ្រោយ។ របាយការណ៍នេះទៀតសោតក៏បានធ្វើការវិភាគពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ មកលើខ្សែច្រវាក់ផលិតកម្មសកល ជាពិសេសមកលើវិស័យឧស្សាហកម្មកម្ពុជា ដែលរបកគំហើញក្នុងរបាយការណ៍បានបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញនូវចក្ខុវិស័យ IDP សម្រាប់ការអនុវត្តក្នុងដំណាក់កាលបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលភូមិសាស្ត្រសេដ្ឋកិច្ច-សង្គម និងនយោបាយ ការប្រែប្រួលអាកាសធាតុ បដិវត្តឧស្សាហកម្មទី៤ និងរបត់នៃការផ្លាស់ប្ដូរបច្ចេកវិទ្យា និង ឌីជីថល ជាពិសេសក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី។
ជាកិច្ចបន្ទាប់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និង ជាប្រធានលេខាធិការដ្ឋាន IDP នៃ ក.អ.ក. បានធ្វើបទបង្ហាញស្ដីពីទិដ្ឋភាពទូទៅនៃគោលនយោបាយ IDP ជូនអង្គសិក្ខាសា ដោយបានរំលឹកឡើងវិញនូវចក្ខុវិស័យ គោលបំណង យុទ្ធសាស្ត្រតន្លឹះនៃការ អភិវឌ្ឍវិស័យឧស្សាហកម្ម និងវិធានការតន្លឹះបួនជាក់ស្តែង ដែលមានចែងក្នុងគោលនយោបាយ IDP ដែលគោលនយោបាយនេះទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៥។
សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីតំណាងលេខាធិការដ្ឋាន IDP នៃ ក. អ. ក. និងបានផ្តល់ ឱកាសជូនអ្នកចូលរួមបានជជែកពិភាក្សាគ្នានិងស្វែងយល់បន្ថែមពីខ្លឹមសារតន្លឹះនៃរបាយការណ៍វាយតម្ល ពាក់កណ្តាលអាណត្តិនេះ ហើយដែលអង្គសិក្ខាសាលាបានសម្តែងនូវការអបអរសាទរចំពោះរបកគំហើញ ក្នុងរបាយការណ៍ និងធ្វើការចែករំលែកបន្តទៅកាន់មន្ត្រីក្រោមឱវាទដែលបានសមត្ថកិច្ចពាក់ព័ន្ធ។ ខ្លឹមសារ នៃបទបង្ហាញក៍បានជម្រាបជូនអង្គសិក្ខាសាលាពីដំណើរការនៃការធ្វើបច្ចុប្បន្នភាពឯកសារគោលនយោបាយ IDP ដែលកិច្ចការនេះរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងការដឹកនាំ ការសិក្សាវាយតម្លៃលម្អិតទៅលើនិន្នាការ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មតំបន់ និងសកល ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីកែសម្រួលចក្ខុវិស័យ គោលដៅ និងគោលបំណងនៃគោលនយោបាយ IDP សម្រាប់រយៈពេលបន្តខាងមុខ ហើយដែលក្រុមការងារពាក់ព័ន្ធបាននិងកំពុងរៀបចំយ៉ាង សស្រាក់សម្រាំ៕