ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់៖វិញ្ញាសាវាយគូបុរស នារីបានមេដាយមាស

235

ភ្នំពេញ៖ប្រភេទកីឡាប៊ូលនិងប៉េតង់កាលពីថ្ងៃទី១៧ឧសភាម្សិលម៉ិញនេះលើវិញ្ញាសាវាយគូចម្រុះបុរសនារីកម្ពុជាប្រជែងបានមេដាយមាស១គ្រឿងហើយបន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម១៣ទល់៤ ។

កីឡាករស៊ិន វង់ និង កីឡាការិនីវង ចន្ថាបានឈ្នះលើ
វិញ្ញាសាវាយគូបុរស នារីបន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ
វៀតណាមដោយពិន្ទុ១៣ទល់៤នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នាល្ងាចថ្ងៃអង្គារ៍ ទី១៧ ខែឧសភានេះ។

កីឡាការិនីវងចន្ថាបាននិយាយថាយើងសហការគ្នាបានល្អ។ គាត់ (ស៊ិន វង់) វ៉ៃត្រូវ ខ្ញុំចូលបាន។ ជាពិសេស គ្រូបង្វឹកបានខិតខំបង្ហាត់យើងខ្ញុំខ្លាំងណាស់។ពួកគាត់ឲ្យហាត់វ៉ៃរាល់ព្រឹក ក្នុងមួយៗព្រឹក យ៉ាងតិច៨០ទៅ១០០គ្រាប់។ គាត់ (ដៃគូ) ពង្រឹងជំនាញវ៉ៃ ហើយខ្ញុំព្យាយាមចូលឲ្យស្អាត។
កីឡាការិនីរូបនេះបាននិយាយថាកាលលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមម៉ាឡេស៊ីបាននាំមុខក្រុមកម្ពុជា៦ទល់០មុនទៅហើយតែពួកគេទាំង២រូបបានវាយបកទាល់តែបានទទួលជ័យជំនះក្នុងលទ្ធផល១៣ទល់៨ហើយបានឡើងវគ្គផ្ដាច់
ព្រ័ត្រ ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមកម្ពុជាហាក់មានទំនុកចិត្តខ្លាំងជាងកាលប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពីព្រោះកាលវគ្គសន្សំពិន្ទុក្នុងពូលក្រុមកម្ពុជាធ្លាប់បានឈ្នះម្ចាស់ផ្ទះវៀតណាមម្តងហើយ។
កីឡាការិនីវងចន្ថាបង្ហាញអារម្មណ៍ថាជួបវៀតណាមវគ្គផ្តាច់ព្រ័ត្រមានទំនុកចិត្តជាងកាលប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ដោយសារយើងធ្លាប់ឈ្នះម្ចាស់ផ្ទះម្តងហើយកាលវគ្គសន្សំពិន្ទុ ដូច្នេះវគ្គផ្តាច់ព្រ័ត្រ យើងកាន់តែមានសង្ឃឹមក្នុងការយកឈ្នះ។
នាងមានទំនុកចិត្តខ្ពស់គឺយើងយកមេដាយមាសឲ្យបានសម្រាប់ជូនជាតិមាតុភូមិកម្ពុជាយើង។នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមវៀតណាមបានលត់ក្រុមថៃដោយលទ្ធផលតដៃ
មិនរួចក្នុងលទ្ធផល១៣ទល់០ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជួបកម្ពុជា។

កីឡាការិនីកម្ពុជារូបនេះបន្តទៀតថាមានអារម្មណ៍ថា សប្បាយពេលឃើញម្ចាស់ផ្ទះខ្វែងជាមួយថៃហើយឃើញម្ចាស់ផ្ទះវ៉ៃថៃសិតសូន្យ។ប្រកួតរបស់ខ្ញុំអត់ទាន់ចប់ទេពេលខ្ញុំក្រឡេកទៅមើលថៃឃើញវៀតណាមនាំមុខដាច់ធ្វើឲ្យខ្ញុំសង្ឃឹមតែម្ដង។ ខ្ញុំពីរនាក់ដៃគូសង្ឃឹមយកមេដាយមាសតែម្តង។
ចំណែក កីឡាករ ស៊ិន វង់ រឹតតែសប្បាយចិត្តសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមលើកដំបូងរបស់ខ្លួននិងមានការជឿជាក់ក្នុងការចាប់គូជាមួយកីឡាការិនី វង ចន្ថា។
ស៊ិនវង់បានរៀបរាប់ថាខ្ញុំធ្លាប់ចេញក្រៅប្រទេសពីរដងដែរ តែប្រកួតស៊ីហ្គេមនេះលើកដំបូងរបស់ខ្ញុំហើយនេះក៏ជាការឈ្នះមេដាយមាសលើកដំបូងរបស់ខ្ញុំដែរ។ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន។ ចាប់ដៃគូជាមួយគាត់ (វង ចន្ថា) ពេលឈ្នះពីរប្រកួតដំបូងធ្វើឲ្យខ្ញុំមានអារម្មណ៍សង្ឃឹមខ្លាំង។ ខ្ញុំសង្ឃឹមបានមេដាយតែម្តង។ យើងលេងយល់ចិត្តគ្នាប៉ុណ្ណឹង យើងនឹងបានមេដាយមាស។ ឥឡូវ យើងបានមាសមែន។

ជាមួយគ្នានេះអត្តពលិកកម្ពុជាក៏បានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់និងជាពិសេសដល់ប្រតិភូ និងអត្តពលិកកម្ពុជាទៅស៊ីហ្គេមនៅវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង