ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកទន្លេឡើងលិចផ្ទះប្រជាពលដ្ឋ ក្នុងស្រុក​ចំនួន​៦ នៅ​ខេត្តកំពង់ឆ្នាំង ,ប្រជាពលរដ្ឋត្រូវជម្លៀសរកទីទួលសុវត្ថិភាព

134


ខេត្តកំពង់ឆ្នាំង ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ​បាន​ឲ្យ​ដឹង​ថា គិតត្រឹម​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ មានស្រុក​ចំនួន​៦ ឃុំ​សង្កាត់​ចំនួន​១៦ និង​ភូមិ​ចំនួន​២៩ បាន​រង​ផល​ប៉ះពាល់ ដោយសារ​ទឹកជំនន់ ​ក្នុង​នោះ​មាន ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​មាន​ចំនួន​៣៩០​គ្រួសារ ស្មើនឹង​១៦៨៥​នាក់ ។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចែកអំណោយរបស់មនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកទន្លេ ឡើងលិចផ្ទះផងដែរ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិតិ្តយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានមានមតិសំណេះសំណាល និងនាំការផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានគិតគូរពីទុក្ខលំបាក ខ្វះខាតជីវភាពរស់នៅមិនប្រកាន់ពូជសាសន៍ បក្សនយោបាយឡើយ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោកហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកប្រាក់ សោភ័ណ្ឌ
នាយកប្រតិបត្តិសាខា និង លោកឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចុះទៅកាន់ទីទួលសុវត្ថិភាព ក្នុងឃុំត្រពាំចាន់ ដើម្បីពិនិត្យមើលពីស្ថានភាពរស់នៅ និងរៀបចំទីកន្លែងឲ្យបានសមរម្យ សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀស មកកាន់កន្លែងសុវត្ថិភាព ដោយសារទឹកទន្លេឡើង លិចលំនៅស្ថានរបស់ពួកគាត់។

ដោយឡែក​នៅ​ប្រជាពលរដ្ឋ​ចំនួន​២៣១​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ប្រជាពលរដ្ឋ​ចំនួន​២៦៩​គ្រួសារ​ផ្សេង​ទៀត​បាន​ចាកចេញ​ទៅ​រស់នៅ​តាម​ផ្ទះ​បងប្អូន ។ លោកហ៊ី ណាត ​បាន​បន្ត​ថា នៅ​ក្នុង​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ខាងលើ​នេះ សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ឆ្លើយ​តប​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​២៤៨​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​១.១០១​នាក់ និង​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​២៦២​គ្រួសារ​ទៀត គឺ​ស្មើនឹង​មនុស្ស​ចំនួន​៥៨៤​នាក់​ទៀត សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​កំពុង​ស្វែងរក​ស្បៀងអាហារ ដើម្បី​ធ្វើការ​ចែក​ជូន និង​សង្គ្រោះ​ដល់​ពួក​គាត់​នៅ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ។

លោកអភិបាលខេត្តកំពង់ឆ្នាំ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​គ្រប់​ជាន់ថ្នាក់ ​ដែល​រស់នៅ​តាម​ដង​ទន្លេ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ​នឹង​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ ​ដែល​រង​ផល​ប៉ះពាល់ ឱ្យ​បាន​ទាន់​ពេលវេលា​ ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ​រង​គ្រោះ​បាត់បង់​ជីវិត និង​ដាច់​បាយ​៕

អត្ថបទដែលជាប់ទាក់ទង