ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូត ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ចិន

98

ភ្នំពេញ៖ នៅព្រឹកថ្ងៃ២១ ខែកញ្ញានេះ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ
បានទទួលជួប លោក ស្យុង ប៉ូ ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបាន បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។

លោកប្រមុខការទូត បានថ្លែងថា យើងបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ចិន ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កេត សោផាន់ បានប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបថា លោក ស្យុង ប័រ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលពីរឆ្នាំនៃអាណត្តិការងាររបស់លោកនេះ កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ពិសេសលើកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ស្ថិតក្នុងក្របខ័ណ្ឌ យុទ្ធសាស្ដ្រខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន លើកឡើងថា អាណត្តិការងាររបស់ ស្យុង ប័រ មានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរជា បន្តបន្ទាប់ រួមមាន លោក ហ្ស៉ី ជិនពីង និងនាយករដ្ឋមន្ដ្រីចិន លោក លី ឃឺឈាង។​

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេស និងប្រជាជនចិន ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដែលជំនួយទាំងអស់នេះបានពង្រឹងនូវ​តួនាទីនយោបាយរបស់កម្ពុជា ក្នុងការរក្សានូវឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។ ជាក់ស្ដែងនៅឆ្នាំ២០១៨នេះ គឺជាខួប៦០ឆ្នាំនៃទំនាក់ទំនងកាទូតរបស់កម្ពុជា-ចិន ដែលប្រទេសទាំងបានរៀបចំកម្មវិធីធំៗមួយចំនួន ដើម្បីអបអរសាទរនូវខួបនេះ ដើម្បីបន្ដរឹតចំណងប្រទេសទាំងពីរផងដែរ។

លោក ប្រាក់ សុខុន បានថ្លែង ថា លោកអាចនឹង បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្រោយពីបង្កើតរាជរដ្ឋាភិបាលថ្មី។

ឯកអគ្គរដ្ឋទូតចិន ក៏បានអះអាងថា ស្ថានទូតចិននៅរាជធានីភ្នំពេញ នឹងរៀបចំដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ឲ្យបានឆាប់ៗនេះ៕​

អត្ថបទដែលជាប់ទាក់ទង