ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនយុវជន ២នាក់ ជួញដូរ សារធាតុញៀន

78


កណ្តាល៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនយុវជន ២នាក់ ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ដែល ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃ សុក្រ ទី ២១ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៥ នៅចំណុចរោងស្នាក់នៅរបស់ឈ្មោះ ម៉េង វិចិត្ត ស្ថិតក្នុងភូមិ ពោធិ៍កណ្តាល ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមានៈ ១ / ឈ្មោះ ម៉េង វិចិត្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករបេះស្វាយ ទីលំនៅបច្ចុប្បន្នភូមិ ពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ២ / ឈ្មោះ អ៊ ណារ៉ា ហៅ ម៉ាយ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២២កញ្ចប់ ក្នុងនោះ ធំ ១កញ្ចប់ , មធ្យម ៣កញ្ចប់ ១៨កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត ។

សភាពរឿងហេតុៈនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មាន ពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា បានចុះដល់ចំណុចកើតហេតុ ដោយមានការចូលរួម ពីលោកមេភូមិពោធិ៍កណ្តាល សមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ រោងស្នាក់នៅរបស់ឈ្មោះ ម៉េង វិចិត្ត រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៧កញ្ចប់តូច នៅក្នុងរោង រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ម៉េង វិចិត្ត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ តម្លៃ ១០០,០០០៛ (ដប់ម៉ឺនរៀល) ពីឈ្មោះ អ៊ ណារ៉ា ហៅ ម៉ាយ នៅភូមិព្រែកប៉ាន ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកវេចខ្ចប់លក់បន្ត ។ នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃខែឆ្នាំ ដដែល ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយ សមត្ថកិច្ចនគរបាលស្រុកស្អាង បន្តទៅឃាត់ខ្លួនឈ្មោះ អ៊ ណារ៉ា ហៅ ម៉ាយ នៅភូមិ ព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និងត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ អ៊ ណារ៉ា រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៥កញ្ចប់ ក្នុងនោះ ធំ ១កញ្ចប់ , មធ្យម ៣កញ្ចប់ និង តូច ១១កញ្ចប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អ៊ ណារ៉ា ហៅ ម៉ាយ បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ តម្លៃ ៣,២០០,០០០៛ (បីលានពីរសែនរៀល) ពីឈ្មោះ ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ នៅចំណុចវត្តព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីយកមកវេចខ្ចប់លក់បន្ត ហើយឈ្មោះ អ៊ ណារ៉ា បានសារភាពបន្ថែមទៀតថា ខ្លួនពិតជាបានលក់គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ តម្លៃ ១៥០,០០០៛ ទៅកាន់ឈ្មោះ ម៉េង វិចិត្ត ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង