ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយប្រធានអគ្គស្នងការនយោបាយនៃកងទ័ពរៀតណាម

344

នៅរសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Luong Cuong​ ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពវៀតណាម ដែលបានធ្វើឡើង នៅវិមានសន្តិភាព។

លោក Luong Cuong បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយហើយដែលលោក បានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយ នៃកងទ័ពវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Luong បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ នូវលទ្ធផលនៃការបោះឆ្នោត ដែលបានទទួលជោគជ័យ យ៉ាងត្រចះត្រចង់​ និងទទួលបានដឹកនាំបន្តទៀត របស់សម្ដេចតេជោ។​ លោក Luong ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោផងដែរថា លោកបានជួបពិភាក្សាការងារ ជាមួយសម្ដេចពិជ័យសេនា​ ទៀបាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ ៧០ ហើយក៏បាន ជួបពិភាក្សាការងាររួមគ្នាដើម្បីវាយតម្លៃ ពីស្ថានភាពនយោបាយ លើពិភពលោក និងស្ថានភាពនយោបាយ ក្នុងតំបន់ និងការប្រឈមទាំងឡាយ​ ព្រមទាំងការរួមគ្នា ដើម្បីពង្រឹងមិត្តភាពធ្វើយ៉ាងណា រក្សាអោយបាននូវ សុខសន្តិភាពស្ថេរភាព​ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ជាពិសេស តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន​ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណភាព របស់លោកប្រធានាធិបតីវៀតណាម ​ Tran Dai Quang ហើយក៏បានថ្លែងអំណរគុណ ជូនចំពោះលោក Luong Cuong ដែលបានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច​។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគាំទ្រផងដែរ ចំពោះរបាយការណ៍ ​និងការលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វី ដែល​សម្រេចបាន ហើយជូនពរឲ្យទទួលបានជោគជ័យ។
ឆ្លៀតឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់វៀតណាមបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង