ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកសង្វៀនខ្សែក្រវាត់Wurkzរដូវកាលទី ២

113

​ភ្នំពេញ:ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់Wurkz រដូវកាលទី២ បានចាវ់ផ្ដើមហើយ នៅសង្វៀនអាស៊ីអាគ្នេយ៍ ចាប់ពីរសៀលថ្ងៃទី២៣កញ្ញាតទៅ ។

​កាលពីរដូវកាលទី១ ខ្សែក្រវាត់Wurkz ធ្វើក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ដែលកាលនោះ អ្នកប្រដាល់ឡុងសំណាង ក្លិបសាលវ័ន្ដកីឡា ក្លាយជាអ្នកគ្រប់គ្រងខ្សែក្រវាត់ ។ សម្រាប់រដូវកាលទី២នេះ គឺធ្វើក្នុងប្រភេទទម្ងន់៦៧គីឡូ
ក្រាមដែលមានអ្នកប្រដាល់កម្ពុជា៤រូប គឺពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ឡុង សុភី ក្លិបសាលវ័ន្ដកីឡា រឿង សារ័ត្ន ក្លិបទ័ពឆ័ត្រយោង៩១១ និង មៀច សុខរ៉ា ក្លិបតាព្រហ្មមានជ័យ ។

​ចំពោះអ្នកប្រដាល់ថៃចំនួន៤រូវិញនោះ មានកេង កាត(Keng Kat)កែវ កុនវ៉ាន(Keo Kongwan) ភេច អារុណ(Pheach Arun) និង កៅ អាហ៍(Kao Ah) ។ ការប្រកួតមិនមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ គឺអ្នកមានពិន្ទុលើសគេ ក្នុងពូលនីមួយ ត្រូវប្រកួតគ្នាដណ្ដើម យកខ្សែក្រវាត់តែម្ដង ។

​សម្រាប់ថ្ងៃទី២៣កញ្ញា ដែលជាថ្ងៃបើកសង្វៀនដំបូងនេះ មានការប្រកួតចំនួន២គូ គឺមៀច សុខរ៉ា ប្រកួតជាមួយកែវ កុងវ៉ាន ។

​សុខរ៉ាមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង ចាញ់៦ដង និងស្មើពិន្ទុ២ដង ។ ចំពោះកែវ កុងវ៉ានវិញមានប្រវត្តិប្រកួត ចំនួន៨៥ដង ឈ្នះ៦៧ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ ដង ។ ជំនួបនៅថ្ងៃបើករដូវកាលថ្មីបែបនេះ មិនដឹងថានរណាមានសមត្ថភាព ដណ្ដើមជ័យជំនះនោះឡើយ ។

​ពួកគេសុទ្ធតែមានផ្លែល្អដូចគ្នា តែសុខរ៉ាចូលចិត្តបំពានលើគូប្រកួតណាស់ គឺវាយបន្ថែមលើគូប្រកួតពេលដែលគូប្រកួតដួល ឬ ក្រោយពេល អាជ្ញាកណ្ដាលឃាត់ ។ មួយប្រកួតទៀតពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយកេង កាត់ ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់ចូលរួម ប្រកួតដណ្ដើមខ្សែក្រវាត់ នៅស្រុកខ្មែរដែរ តែមិនបានជោគជ័យ ។

​រិទ្ធីមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៨៣ដង ចាញ់២២ដង និងស្មើពិន្ទុ២ ដង ។ចំពោះកេង កាត់វិញមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៩០ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។ អ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះ ?៕

អត្ថបទដែលជាប់ទាក់ទង