ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់បាញ់សម្លាប់ អ្នកយាមផ្ទះម្នាក់ស្លាប់ ក្នុងថ្លុកឈាម ក្នុងផ្ទះវីឡាមួយកន្លែង សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ

149

 

កណ្តាល ៖ ខ្មាន់កាំភ្លើងជាអង្គរក្ស ដែលបាញ់ជាង១០គ្រាប់ បណ្ដាលឲ្យអ្នកយាមផ្ទះម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងផ្ទះវីឡាមួយកន្លែង នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ត្រូវបានចាប់ខ្លួន នៅស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបាញ់ចូលផ្ទះវីឡាមួយកន្លែង បណ្ដាលឲ្យអ្នកយាមម្នាក់ស្លាប់នោះ ត្រូវចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្រុកស្អាង ខេត្តកណ្ដាល។

បើតាមលោក ស៊ឹម ពិសិដ្ឋ ការចាប់ខ្លួនជនដៃដល់រូបនេះ បានធ្វើឡើងក្រោយកិច្ចសហការរវាងកម្លាំងនគរបាលខណ្ឌបឹងកេងកង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។

លោកស្នងការបានបន្តទៀតថា ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។
ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។

របាយការណ៍របស់នគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ទីលំនៅផ្ទះលេខ ៣៨ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរបើកឡាន។ ដោយឡែកជនដៃដល់ដែលត្រូវចាប់ខ្លួនមានឈ្មោះ អ៊ូ សុភី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរបើកឡាន។ ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ។ ជនរងគ្រោះបើកឡានអោយឪ រីឯជនដៃដល់បើកឡានអោយកូន

ក្រោយការចាប់ខ្លួនជនដៃដល់រូបនេះ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង