ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តល់រង្វាន់លើកទឹកចិត្តសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេសAដល់និទ្ទេសDនៅវិទ្យាល័យហ៊ុន សែនចាក់អង្រែ

131


ភ្នំពេញៈនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យនិងលោកស្រី លោកឡុង ង៉ែតអភិបាលរងខណ្ឌមានជ័យបានជួបសំណេះសំណាល ជាមួយក្មួយៗជាសិស្សានុសិស្សដែល ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨​ នេះនៅវិទ្យាល័យហ៊ុន សែនចាក់អង្រែដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែខណ្ឌមានជ័យ។

នាឱកាសនោះលោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យបាន មានមតិដោយផ្តាំផ្ញើដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ដែលត្រូវជាប់នោះត្រូវចាប់យកឱកាសនេះ ទៅបន្តការសិក្សារៀនសូត្របន្ត នៅតាមមហាវិទ្យាល័យទៀត ដោយទទួលបានចំណេះដឹង និងបទពិសោធន៍ឲ្យបានច្រើន ដើម្បីអាចចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យ។

លោកអភិបាលខណ្ឌមានជ័យបានលើកឡើងដោយសង្កត់ធ្ងន់ថា ក្មួយៗជាសិស្សានុសិស្សទាំងអស់ គឺជាអ្នកបន្តវេនការងារ និងជាសសរទ្រូងនៃប្រទេសជាតិ ដូចនេះក្មួយទាំងអស់គ្នា ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីអនាគតខ្លួន ក៏ដូចជាក្រុមគ្រួសារ និងប្រទេសជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យក៏បាន ផ្ដាំផ្ញើដល់ក្មួយៗជាសិស្សនុសិស្សគ្រប់រូប ត្រូវនាំគ្នាគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ពោលគឺជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះដែរលោកឡុង ង៉ែតអភិបាលរងខណ្ឌមានជ័យបាន អោយដឹងថា លោកអភិបាលខណ្ឌមានជ័យពេជ្រ កែវមុនី បានផ្តល់ថវិកាផ្ទាល់ខ្លួន ប្រមាណជិត៨ពាន់ដុល្លារសម្រាប់ផ្ដល់ជូន សិស្សានុសិស្សនិទ្ទេសA ២នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូវ៉េវពណ៌ខ្មៅមួយគ្រឿង និងធ្វើស្លាកលេខ ជូនអោយទៀតសិស្សជាប់និទ្ទេស B ៧នាក់ក្នុងម្នាក់ៗទទួល បានកុំព្យូទ័រយួរដៃមួយគ្រឿង សិស្សនិទ្ទេសC ២២នាក់ក្នុងម្នាក់ៗទទួល បានថវិកា១០០ដុល្លារ និងសិស្សជាប់និទ្ទេសDចំនួន៣៨នាក់ ក្នុងម្នាក់ៗ៥០ដុល្លារផងដែរ ហើយជួយឧបត្ថម្ភវិទ្យាល័យហ៊ុន សែន៥០០ដុល្លារ និងសាលាបឋមសិក្សា២៥០ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង