ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតអាមេរិកមានប្រពន្ធខ្មែរ ដើរច្រៀងរាំសប្បាយ ជាមួយនឹងប្រពន្ធ និងសាច់ញ្ញាត្តិតែប៉ុណ្ណឹង

138

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ​បានធ្វើការរិះគន់ខ្លាំងៗ និងហែកកេរ្តិ៍រឿងទៅលើលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា ជាទូតអន់ជាប្រទេសដទៃ មិនបានបំពេញកាតព្វកិច្ច មើលការខុសត្រូវ ការពារពលរដ្ឋអាមេរិក និងពិសេសមិនបានផ្តល់សេវាកក់ក្តៅ ឲ្យពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារនោះទេ។

លោកឯកអគ្គរដ្ឋទូតរវល់ខ្វល់ខ្វាយ សប្បាយតែជាមួយនឹងគ្រួសារខាងប្រពន្ធ ដើរបង់សំណាញ់ ដើរលេងចំការ ដើរច្រៀងរាំសប្បាយ ជាមួយនឹងប្រពន្ធ និងសាច់ញ្ញាត្តិតែប៉ុណ្ណឹង»។

លោកបានបញ្ជាក់ថា «គោលការណ៍ 3-Pro គឺ Protection, Providing និង Protest for US Citizens គឺអគ្គរដ្ឋទូត និងស្ថានទូតអាមេរិក នៅកម្ពុជា មិនដែលបានបំពេញសូម្បីតែមួយចំណុច ។ ក្នុងពន្ធនាគាព្រៃស តែមួយមានពលរដ្ឋអាមេរិកាំង រួមទាំង Naturalized Citizens និង Native Citizens ជាប់ឃុំជាច្រើននាក់ ដែលពួកគេភាគច្រើនមិនចេះភាសាខ្មែរទេ ហើយពិបាកក្នុងការទំនាក់ទំនង ជាមួយអ្នកជាប់ឃុំផ្សេងទៀត តែមន្ត្រីស្ថានទូត ទៅជួប៦ខែ ម្តង សួរមួយម៉ាត់ ឬពីរម៉ាត់ រួចឲ្យថ្នាំដុសធ្មេញតែមួយកូនដបតូច និងច្រាសដុសធ្មេញមួយ ហើយចេញបាត់»។

អតីតប្រធាន គណបក្សអំណាចខ្មែរដដែលរូបនោះ បានអះអាងទៀតថា «ចំពោះខ្ញុំជាពលរដ្ឋខ្មែរអាមេរិកាំង និងពលរដ្ឋខ្មែរអាមេរិកាំង ផ្សេងទៀតដែលជាប់ឃុំ គឺពួកយើងចេះភាសាខ្មែរ និងមានគ្រួសារប្រពន្ធកូនទៅមើលយកចំណី បាយឲ្យញ៉ាំ។ តែកូនតូចៗរបស់ខ្ញុំ ដែលជាក្មេងសញ្ជាតិអាមេរិកាំងរស់នៅខាងក្រៅនោះ ស្ថានទូតអាមេរិក មិនដែលយកចិត្តទុកដាក់ សួរសុខទុក្ខ ឬផ្តល់សេវាអ្វីមួយឲ្យកក់ក្តៅទេ»។

សួន សេរី រដ្ឋា ថ្លែងថា៖ទូតអាមេរិកនៅស្រុកខ្មែរ ធ្វើតែរឿងដែលមិនត្រូវធ្វើ ដែលខុសផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី។ ទូតអាមេរិកក្នុងអាណត្តិ William A. Heidt ការងារអន់បំផុត គឺអន់ជាង ទូតថៃ ទូតឥណ្ឌា ទូតបង់ក្លាដែស ទូតចិន ទូតយួន ដែលគេទៅមើលពលរដ្ឋសញ្ជាតិគេជាប់ឃុំ យកដុកទ័រទៅឆែកមើលសុខភាព រាល់ខែ និងផ្តល់ថ្នាំពេទ្យជួយទាក់ទងគ្រួសារ យកថវិកា គ្រួសារឲ្យជនជាតិសញ្ជាតិគេដោះស្រាយជីវភាពក្នុងពន្ធនាគារ។ តែទូតអាមេរិកាំង គឺ Zero ព្រោះឯកអគ្គរដ្ឋទូតរវល់តែភ្លើតភ្លើនសប្បាយ ជាមួយប្រពន្ធដូចសត្វមមាច»។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨​ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់លើកលែងទោសឲ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ​ តាមសំណើរទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង