បង្ក្រាបទីតាំង លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមកញ្ចក់ទូរទស្សន៍)
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លេីយតបជូនសាធារណជន ទៅនឹងសារព័ត៌មាន ដែលបានចុះផ្សាយ មានចំណងជេីងថា៖ បើកដំណើរការវិញហើយ ហាងកាហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់ សូមសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបសារជាថ្មីម្ដងទៀតផង នៅភូមិខ្លាកូន ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបករណីខាងលើ។ បន្ទាប់មកលោកអធិការ បានបញ្ជាកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ស្រាវជ្រាវបង្រ្កាបទីតាំងនោះ ជាលទ្ធផល៖
+កិច្ចប្រតិបត្តិការបង្ក្រាបទីតាំង លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមកញ្ចក់ទូរទស្សន៍)
-កើតហេតុថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ចំណុចផ្ទះឈ្មោះ ឃុំ ម៉ិច នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ជនសង្ស័យ មានចំនួន ០៤នាក់ (ឃាត់ខ្លួន)
១-ឈ្មោះ បាត់ សុខន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក លក់មាន់ជល់តាមទូរទស្សន៍អនឡាញ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ ភន រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។
៣-ឈ្មោះ ជាម ខាន់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។
៤-ឈ្មោះ ហាន ឌីម៉ង់ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ វត្ថុតាងចាប់យករួមមាន៖
១-ទូរទស្សន៍ សម្រាប់ចាក់បញ្ចាំងមាន់ជល់តាមប្រព័ន្ធអនឡាញ ០១គ្រឿង។
២-គ្រឿងម៉ាស៊ីនកុំព្យូទ័រ សម្រាប់បញ្ជាការឡាយមាន់ជល់ ០១ឈុត។
ចំពោះទីតាំងផ្ទះរបស់ឈ្មោះ ឃុំ ម៉ិច សមត្ថកិច្ចជំនាញស្រុក និងប៉ុស្ដិ៍ពើក ធ្លាប់បានចុះបង្ក្រាបកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាលរួចរាល់ម្ដងមកហើយ។
តាមចម្លើយសារភាពរបស់ឈ្មោះ បាត់ សុខន បានសារភាពថាខ្លួនចូលធ្វើជាបុគ្គលិកឡាយមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញនេះបានរយៈពេល០៦ថ្ងៃមកហើយ នៅទីតាំងខាងលើនេះ។ ចំណែកបក្ខពួកដែលសមត្ថកិច្ចបានឃាត់ខ្លួនមកជាមួយគ្នានេះជាអ្នកចាក់ការឡាយជល់មាន់។
ករណីខាងលើនេះ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឱ្យសមត្ថកិច្ចធ្វេីកិច្ចសន្យាអប់រំជនសង្ស័យ នៅត្រឹមអធិការដ្ឋាននគរបាលស្រុក៕