ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាពនៃការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេស ដែលនៅសេសសល់ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា

189

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានចេញរបាយការណ៍ពីវឌ្ឍនភាពនៃការប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានឱ្យដឹងថាអនុលោមតាមប្រសាសន៍និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធនិងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធនិងអាករលើរថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ អគរ បានចាត់ចែងអនុវត្តការងារយ៉ាងសកម្ម។ គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ម្ចាស់និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធនិងអាករជាបន្តបន្ទាប់ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– រថយន្តចង្កូតស្តាំត្រូវបានចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១ ០៣១ គ្រឿង
– រថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង
– ទឹកប្រាក់ពន្ធនិងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំនិងឆ្វេងខាងលើមានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាមេរិក)។

ទន្ទឹមនឹងការទទួលឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគរ ក៏បានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការលួចនាំចូលឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ បានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាទេ។

ឆ្លៀតក្នុងឱកាសនេះ អគរ សូមធ្វើការក្រើនរំលឹកទៅកាន់ម្ចាស់និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅអង្គភាពគយនិងរដ្ឋាករជិតបំផុតឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាបនិងរឹបអូសដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

អត្ថបទដែលជាប់ទាក់ទង