អត្តពលិកមានតម្លៃស្មើ ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ៖អត្តពលិក គ្រូបង្វឹក គ្រូជំនួយ និងអ្នកបច្ចេកទេស ត្រូវយកបេះដូងគិតពីតម្លៃរបស់ខ្លួនស្មើនឹង ជាតិ សាសនា ព្រះមហាក្សត្រ នៅពេលចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
នេះជាការលើកឡើងរបស់លោកយីវាសនាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ក្នុងខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ
បច្ចេកទេសនិងត្រៀមលក្ខណៈសម្បត្តិព្រមទាំងត្រួតពិនិត្យនិងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ឲ្យរួចរាល់សម្រាប់ក្រុមអត្តពលិកប៉ារ៉ាកម្ពុជាមុនពេលចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។
លោកអគ្គលេខាធិការបានឲ្យដឹងថាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានកកើតតាំងពីអត្តពលិកមានចំនួនពីរបីនាក់ និងរីកចម្រើនធំៗឡើងរហូត ល្បីទូទាំងពិភពលោក។ ប៉ារ៉ាឡាំពិកកម្ពុជា តំណាងឲ្យបងប្អូនមានពិការភាពទូទាំងប្រទេសកម្ពុជា។ កិត្តិយសជាតិ ព្រលឹងជាតិ ទង់ជាតិ គឺត្រូវបានបង្ហូតដោយសារស្នាដៃរបស់អត្តពលិក។
លោក យី វាសនា បន្តថា លោកជំទាវ អស់លោក លោកស្រីទាំងអស់ អស់លោកត្រូវស្គាល់តម្លៃខ្លួនឯង។ តម្លៃរបស់អស់លោកថ្លៃជាងមាសពីរដូងទុំទៅទៀត។ ត្រូវរៀនស្គាល់ពីតម្លៃរបស់ខ្លួនឯង ពេលចេញទៅក្រៅប្រទេស។ ទាំងគ្រូ ទាំងសិស្ស គឺជាតម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ។
តើយើងឃើញតម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ នៅកន្លែងណា? ពេលបងប្អូនរកបានមេដាយមាស១គ្រឿង អ្វីដែលត្រូវបានលើកឡើងលើ? គឺទង់ជាតិ ដែលជាព្រលឹង ជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះ បងប្អូនមានតម្លៃស្មើ ជាតិ សាសនា ព្រះមហាក្សត្រ។ មេដាយ១គ្រាប់ តំណាងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះអត្តពលិក គ្រូបង្វឹករបស់យើង គឺស្មើនឹងទង់ជាតិ ព្រលឹងជាតិ សាសនា ព្រះមហាក្សត្រ។
ហេតុនេះ សូមឲ្យតម្លៃខ្លួនឯងឲ្យខ្ពស់រាល់ពេល ដេក ដើរ ឈរ អង្គុយ គឺត្រូវយល់ថា ខ្លួនយើងមានតម្លៃ។
លោកអគ្គលេខាធិការក៏បានឲ្យដឹងពីប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាទៅប្រទេសឥណ្ឌូណេស៊ីគឺមាន៣ប្រភេទដែលដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានីប្រធានគណៈកម្មការទី៧នៃរដ្ឋ
សភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ប្រតិភូទី១ គឺក្រុមអត្តពលិក និងគ្រូបង្វឹក ទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ប្រតិភូទី២ គឺក្រុមការងារទៅរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្រប់យ៉ាង ដើម្បីយកចំណេះដឹងមករៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា និងប្រតិភូទី៣ គឺក្រុមការងារសម្តែងដើម្បីទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
សម្រាប់ការធ្វើដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានយល់ព្រមឲ្យមានការរៀបចំយន្ដហោះពិសេសសម្រាប់ដឹកជញ្ជូនអត្តពលិកមានពិការភាពកម្ពុជា ទៅឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ក៏បានយល់ដឹកជញ្ជូនទៅមក ដោយឥតគិតថ្លៃ ដែលគ្រោងចេញដំណើរនាថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២៕