ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC អនុម័ត គម្រោងថ្មីបន្ថែម ៤ទីតាំងទៀត ក្នុងទុនវិនិយោគជាង១០០លានដុល្លារ

149

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា៖ក្រោយការសម្រួលនូវច្បាប់ស្ដីពី ការវិនិយោគ និងការផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែម កម្ពុជាបន្តទាក់ទាញបាននូវគម្រោងវិនិយោគធំៗជាច្រើន មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស ដោយថ្មីៗនេះ CDC បានអនុម័តគម្រោងថ្មី៤ទីតាំងទៀត ដែលមានតម្លៃជាង១០០លានដុល្លារ ។

បើតាមការបញ្ជាក់របស់CDC បានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន៤ទីតាំងបន្ថែម ក្នុងនោះរួមមាន៖
១- គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា “L-Q New Energy CO., LTD.” ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។
២-គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ “Eastcam Casting Co., Ltd.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

៣- គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ “MEGA HARDWOOD CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៤- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ “XIN JIN WEI GARMENT (CAMBODIA) CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្ដាសោភា បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈ កម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មី ដែលមានភាពទាក់ទាញ និងអំណោយផលសម្រាប់ការចូលមកបណ្តាក់ទុន។ លោកបញ្ជាក់ថា ៖ «តាមរយៈការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាទាំងនេះហើយ ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្ដម សុខ ចិន្តាសោភា ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន បន្តស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ។ ហើយបើតាមការរំពឹងទុក ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលនឹងជួយជំរុញអោយមានការវិនិយោគដោយផ្ទាល់បន្ថែមពីទីផ្សារក្រៅប្រទេស៕ សំរិត

អត្ថបទដែលជាប់ទាក់ទង