ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ រំលឹកខួប២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាដ នៅខេត្តសៀមរាប

121


ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា “នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះគឺជាខួប២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាដលើរូបខ្ញុំ នៅខេត្តសៀមរាប (24/9/1998-24/9/2018)”។

សម្តេចតេជោ បានលើកឡើងថា នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង
ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំ នៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះ គ្រាប់បេ៤០ ទាំង៤គ្រាប់ ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះ មិនមានភ្លៀងធំស្ទើរបាក់មេឃ ដែលធ្វើឲ្យខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះ ឆ្លងទឹក គឺប្រហែលជីវិតខ្ញុំ ត្រូវចប់តាំងពីពេលនោះមក។

ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់ នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់ បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ? នេះជាចម្លើយដែលត្រូវឆ្លើយ សម្រាប់សំណួរទាំងពីរខាងលើនេះ។

អរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារខ្ញុំនាពេលនោះ។ ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមកបានជួយជីវិតខ្ញុំឲ្យខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យខ្ញុំបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។

ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង