ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់ឈ្នួលជូនកម្មករនិយោជិត ត្រូវបើក២ដង ក្នុងមួយខែ ដែលចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩

313


ភ្នំពេញ: ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ នៅថ្ងៃទី២៤ខែកញ្ញានេះ បានចេញសេចក្តីប្រកាស ស្តីពីការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ២ដង ក្នុងមួយខែ ដែលចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ នេះតទៅ។

លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០១៩តទភ ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារត្រូវរៀបចំឲ្យមានការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ចំនួន២ដង ក្នុងមួយខែ ដោយត្រូវបើកលើកទី១ ក្នុងសប្តាហ៍ទី២ និងលើកទី២ ក្នុងសប្តាហ៍ទី៤ នៃខែនីមួយ។

លោករដ្ឋមន្រ្តី បានបន្ថែមថា ការបើកប្រាក់ខែត្រូវគោរពតាមបែបបទដូចខាងក្រោម គឺលើកទី១ គឺស្មើនឹងចំនួន៥០ភាគរយ នៃប្រាក់ឈ្នួលសុទ្ធសាធក្នុងមួយខែ និងលើកទី២ គឺស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសល់ ប្រាក់ឈ្នួលបន្ទាប់បន្សំ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិតត្រូវទទួលបាននៅក្នុងខែនីមួយៗ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីក្រសួងការងារ ក៏បានប្រកាសថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ហើយគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទីចុះហត្ថលេខានេះ។

អត្ថបទដែលជាប់ទាក់ទង