ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាក់ទំនងកម្ពុជាចិន ឈានដល់ចំណុចទីមួយ គឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរជ្រុងជ្រោយ

68


ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស្យង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបរជាមានិតចិន ប្រចាំនៅកម្ពុជា ដើម្បីសំដែងការគួរសម និងជំរាបលាមុននឹង លោកត្រូវចប់អាណត្តិជា ឯកអគ្គរដ្ឋទូត រយៈពេល២ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ លោក Xiong Bo បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងជ្រាលជ្រៅជា ទីបំផុតដែលសម្តេចបានគាំទ្រ ក្នុងកិច្ចការងាររបស់លោក នៅក្នុងឱកាសដែលលោក បំពេញបេសកម្មកាទូតនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកបានធ្វើកិច្ចការងារច្រើន ពិសេសជួយសម្របសម្រួលក្នុងដំណើរទស្សនកិច្ច លោកប្រធានាធិបតី Xi jinping និង លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់ប្រទេសកម្ពុជា និងការសម្របសម្រួល ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ កាន់ប្រទេសចិនផងដែរ។

លោក Xiong Bo បានជម្រាបសម្តេចតេជោផងដែរថា ក្នុងរយៈពេល២ឆ្នាំមកនេះ គឺលោកបានយកចិត្តទុកដាក់ខ្លាំង នៅក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយខ្សែក្រវ៉ាត់១និងផ្លូវ១ និងកិច្ចសហប្រតិបត្តិការ ជាច្រើនទៀត ដែលក្នុងនោះគឺទទួលនូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា និងចិន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក Xiong Bo ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិនបានរីកចម្រើនដល់កម្រិតខ្លាំងឡើងបន្ថែមទៀត ។សម្តេចតេជោបានបន្តថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺឈានដល់ចំណុចទីមួយ គឺកិច្ចសហប្រតិបត្តិការភាពជាដៃគូរជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន Xi jinping បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលកសាងឡើងដោយភាពស្មោះត្រង់រវាង មិត្តនិងមិត្ត។ សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន រដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រដល់កម្ពុជារហូតមក និងសូមជូនពរឲ្យលោក Xiong Bo ទទួលបាននូវភាពជោគជ័យ នៃបេសកម្មរបស់លោកជា បន្តបន្ទាប់ទៀតនាពេលពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង