ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ឱ្យដំណើរការសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)

183

 

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដោយមានការចូលរួមពី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញពាក់ព័ន្ធរបស់ក្រសួង តំណាងរដ្ឋបាលខេត្តតំបន់ឆ្នេរ តំណាងរដ្ឋបាលខេត្ត ដែលមានកំពង់ផែតាមដងទន្លេ ទីប្រឹក្សាគម្រោង ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង គ្រឹះស្ថានហិរញ្ញវត្ថុ កំពង់ផែឯកជន ក្រុមហ៊ុននាវា ភ្នាក់ងារនាវា និងអង្គភាពពាក់ព័ន្ធ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែជួយជ្រោមជ្រែងដល់ការកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនឡើង និងបានគូសបញ្ជាក់ពីការរីកចម្រើនរបស់ប្រទេសជាតិមាតុភូមិក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ក្រោមដំបូលសុខសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីសមិទ្ធផលការងារជាច្រើនដែលសម្រេច បាន ដែលមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈមតិនៅទូទាំងពិភពលោកឱ្យបានយល់ដឹងអំពីការរីកចម្រើនដ៏ធំធេងរបស់កម្ពុជា ដែលសមិទ្ធផលទាំងនោះរួមមាន៖ ការកើនឡើងអាយុសង្ឃឹមរស់(Life Expectancy) រយៈពេល១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់និងទឹកស្អាត។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាមធ្យម៧%ក្នុងឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងទៅ អត្រានៃភាពក្រីក្របានថយ ចុះនៅក្រោម១០%មុនពេលមានវិបត្តិកូវីដ-១៩។ ការពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញក្នុងនោះ កំពង់ផែស្វ័យតក្រុងព្រះសីហនុគឺជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូននាំចូលនាំចេញទៅក្រៅប្រទេសប្រមាណជា៦០% ហើយការរីកចម្រើនជាបន្តបន្ទាប់នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុនេះ កើតមានដោយសារការផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ផងដែរថា៖ រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងផ្នែក ហិរញ្ញវត្ដុ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែតំបន់ និងកំពង់ផែមេគង្គដែលមានសមត្ថភាពដឹកជញ្ជូនទំនិញទៅដល់សហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែអន្តរជាតិក្នុងតំបន់ ដូចជា៖ កំពង់ផែសឹង្ហ បុរី ឬកំពង់ផែវ៉ុងតាវ និងគម្រោងពង្រីកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងតារាសាគរ ដើម្បីប្រែក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះធំៗដឹកអ្នកទេសចរណ៍ អ្នកវិនិយោគ និងដឹកទំនិញចុះចតបាននៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង បញ្ចប់ផែនការមេភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជាដាក់ទុនប្រមាណ៥០ ពាន់លានដុល្លារអាមេរិកលើ គម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានតម្លៃកាន់តែថោកជាងមុន និងអាចមានឱកាសទាក់ទាញវិនិយោគិនដាក់ទុកវិនិយោគ បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារJICA និងបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងការផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណងជួយដល់កម្ពុជាក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបង្ហាញពីការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវប្រសាសន៍អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ ដែលលោកតែងតែបានលើកឡើងថា៖ យើងត្រូវតែជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព។

គួរកត់សម្គាល់ថា៖ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាទំនើបកម្មបច្ចេកវិទ្យា ទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើដោយដៃ មកធ្វើការក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញវិញ។ ប្រព័ន្ធនេះដែរធ្វើឱ្យផ្លាស់ប្តូរឯកសារសម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលា តម្លាភាពសុវត្ថិភាព ប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក នៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តន៍គម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរ ងាយ និងស្របតាមច្បាប់ជាធរមាន។

ប្រព័ន្ធPort EDI ត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំបែបបទនាវា ចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធីបច្ចុប្បន្នទៅប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជំនួសវិញ តាមរយៈគេហទំព័រផ្លូវការ ដែលមានអាសយដ្ឋាន https://portedi.mpwt.gov.kh ។

នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាលរួបរួមគ្នាធ្វើឱ្យចេញនូវប្រព័ន្ធនេះដើម្បីជួយសម្រួលដល់វិស័យឯកជនពេលនាវា ចូលចេញនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើប្រាស់ពេលវេលាយូរ ក្នុងការស្នើសុំ នាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យបានលឿន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១២.២០០.០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង