ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា

149

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ២០២២ នៅ រាជធានីភ្នំពេញក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ក្រោយកិច្ចប្រជុំថានេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះក្នុងការទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិមកពីពិភពលោក ប្រមាណ ៤០០នាក់។

មហាសន្និបាតនេះនឹងមានប្រតិភូជាពិសេសគឺថ្នាក់ដឹកនាំនិងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ីព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក៤៥ប្រទេសក្នុងទ្វីបអាស៊ី។ជាមួយគ្នានេះ បណ្តាប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះទៀតផង។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថាសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិCAMSOCបានផ្តល់អនុសាសន៍ឲ្យអ្នកជំនាញកម្ពុជាខិតខំស្វែងរកការគាំទ្រពីអន្តរជាតិឲ្យបានពេញទំហឹងសម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជន
អាស៊ីឆ្នាំ២០២៩នៅកម្ពុជាបន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់សិទ្ធិជូនកម្ពុជាកាលពីកន្លងទៅ។

កន្លងមកមានមតិខ្លះបានលើឡើងថាបណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថាទទួលរៀបចំធ្វើ
ម្ចាស់ផ្ទះគឺមិនមានលក្ខណៈពេញលេញដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ដូច្នេះនៅក្នុងឱកាសដ៏កម្រនិងល្អក្នុងនាមជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជានាដើមក្រោយនេះកម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើងនៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ឆ្នាំ២០២៣និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

ឯកឧត្តមវ៉ាត់ ចំរើនក៏បានបង្ហាញពីគោលបំណងចម្បងនៃការធ្វើម្ចាស់ផ្ទះមហាសន្និបាត ដោយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិការជួយផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានអន្តរជាតិ ដែលនឹងមកប្រមូលផ្តុំគ្នានៅទីកន្លែងតែមួយនៃរាជធានីភ្នំពេញ ដើម្បីជួយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក។
ម្យ៉ាងទៀតវានឹងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជានានាជាមួយសហព័ន្ធកីឡាអន្តរជាតិចលនាអូឡាំពិកអន្តរជាតិទាំងអស់ក្នុងគោលបំណងជួយពង្រឹងដល់ការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជាបាន។
ចំណុច១ទៀតគឺនយោបាយការទូតកីឡាកម្ពុជាកាន់តែមានភាពរឹងមាំជាពិសេសនឹង
ជម្រុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជាផងដែរ។

ដូច្នេះនេះជាឱកាសដ៏កម្រដោយមិនងាយនឹងទទួលបានឱកាសធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី បែបនេះឡើយ។
នេះជាពេលវេលាដ៏ល្អមួយដែលសហគមន៍អន្តរជាតិនិងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានមើលឃើញពីសក្តានុពលកម្ពុជានូវវិស័យកីឡាសេដ្ឋកិច្ចជាពិសេសគឺកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជាដែលកំពុងបោះជំហាននៃការ អភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាលខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ ១៩ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ។

តាមពិតមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីត្រូវធ្វើនៅសាធារណរដ្ឋប្រជាមានិត
ចិនឯណោះទេប៉ុន្តែដោយសារការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២នៅចិនត្រូវបានលើកពេលទៅឆ្នាំ២០២៣ទើបអន្តរជាតិផ្តល់សិទ្ធិជូនកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះនាដើមខែក្រោយនេះ។
តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOCបានជំរុញឲ្យគ្រប់គណៈកម្មការជំនាញក្រោមឱវាទទាំងអស់ត្រៀមរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការទទួលបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខ សណ្តាប់ឆ្នាប់ឲ្យទទួលជោគជ័យ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិជាធំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង